ឧត្តរមានជ័យ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីឆ្លងកូវីដចំនួន ២៥នាក់ (០៥នាក់ មានពាក់ព័ន្ធ “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងករណីពលករមកពីថៃ ២០នាក់) និងជាសះស្បើយចំនួន ០២នាក់បន្ថែមទៀត នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ។
សូមបញ្ជាក់ថា គិតត្រឹមល្ងាចម៉ោង០៧ និង៣០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តឧត្តរមានជ័យ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១៧៧ករណី និងបានព្យាបាលជាសះស្បើយចំនួន ៧០ករណី , កំពុងសម្រាកព្យាបាលចំនួន ១០៥ករណី និងស្លាប់ចំនួន ០២នាក់ សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្ដីប្រកាសខាងក្រោម៖
ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានផ្ដល់ព័ត៌មាន និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ដែលបានប៉ះពាល់ដោយ ផ្ទាល់ជាមួយនឹងអ្នកដែលវិជ្ជមានកូវីដ ដែលអាជ្ញាធរបានបញ្ជាក់បង្ហាញដូចខាងលើនោះ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ដោយប្រយោល ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុង ក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជាឡើងកម្ដៅ លើសពី ៣៧អង្សាសេ អាការៈក្អក កណ្តាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម...។ល។ ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៃ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋាន ដោយនៅតែបន្តចូលរួមអនុវត្តតាមវិធានការ “៣ការពារ ៣កុំ”៕