ភ្នំពេញ៖ យោងតាមការប្រកាសរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៦ ខែមិថុនា នេះ បានជូនដំណឹងថា អ្នកជំងឺកូវីដ១៩ និងមិត្តភក្តិ បានទៅហូបអាហារនៅទីតាំង«ហាងSeoul មីហឹរ៧យ៉ាង សាខាសំណង់១២» ដែលមានទីតាំងស្ថិតនៅផ្លូវ២៦៥ កែងផ្លូវ១៦០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក (ជាប់សាលាប៊ែលធីសំណង់១២) រាជធានីភ្នំពេញ។ ហេតុនេះ អ្នកដែលពាក់ព័ន្ធនឹងករណីនេះ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ រសៀលម៉ោង០៣ និង០០នាទី ដល់ម៉ោង០៤ និង១០នាទី សូមដាក់ខ្លួនដាច់ដោយឡែក និង«តាមដានសុខភាព» រយៈពេល ១៤ថ្ងៃ ហើយបើមានរោគសញ្ញាគួរសង្ស័យ សូមមេត្តាប្រញាប់ទៅយកសំណាកធ្វើតេស្តរកកូវីដនៅមន្ទីរពេទ្យ។
ជាមួយនឹងករណីនេះ ដើម្បីសុវត្ថិភាព អាជ្ញាធរ បានអំពាវនាវដល់ប្រជាពលរដ្ឋពាក់ព័ន្ធ ទៅយកសំណាក ហើយធ្វើចត្តាឡីស័កតាមដានសុខភាព និងសូមក្រើនរំលឹកប្រជាពលរដ្ឋដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅទីតាំង «ហាងSeoul មីហឹរ៧យ៉ាង សាខាសំណង់១២» នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ រសៀលម៉ោង០៣ និង០០នាទី ដល់ម៉ោង០៤ និង១០នាទី សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់«តាមដានសុខភាព»របស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
ក្នុងករណីមានរោគសញ្ញា នៃសុខភាពប្រែប្រួលផ្សេងៗ ដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យដែលនៅជិតបំផុតដូចជា នៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត សាលាបឋមសិក្សា«សុភមង្គល» (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន), វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ, ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន, ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣, មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ឱ្យបានលឿនតាមដែលអាចធ្វើបាន ហើយសម្រាប់ពត៌មានបន្ថែម សូមទាក់ទងលេខ ១១៥។
គួររំលឹកថា អ្នកដែលស្ម័គ្រចិត្តទៅធ្វើតេស្ត សូមកុំភ្លេចភ្ជាប់អត្តសញ្ញាណបណ្ឌផ្ទាល់ខ្លួនទៅជាមួយផង និងពាក់ម៉ាសជាប្រចាំ បន្ទាប់ពីអញ្ជើញទៅធ្វើតេស្តសុខភាពរួចរាល់ហើយ សូមបន្តធ្វើការផ្ដាច់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕