ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង រកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៨នាក់ តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ក្នុងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ ចំនួន ២០នាក់បន្ថែមទៀត។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដែលបច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ ទាំង ២៨នាក់ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលចំនួន ០២នាក់ , មន្ទីរពេទ្យបង្អែកស្វាយជ្រំចំនួន ០១នាក់ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩បាវិត ចំនួន ១៥នាក់។
រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងទីតាំងខាងលើ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព ។ ប្រសិនបើមានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន, ក្អក, កណ្តាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧/០៤៤ ៧១២ ៥២២។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងខេត្តស្វាយរៀងកន្លងមក បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ១១៩២នាក់ ករណីជាសះស្បើយចំនួន ៧៥៦នាក់ ហើយករណីកំពុងសម្រាកព្យាបាលចំនួន ៤២៨នាក់ និងករណីស្លាប់ចំនួន ០៧នាក់៕