ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤២នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ក្នុងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ដែលជាប្រជាពលរដ្ឋរស់នៅមូលដ្ឋានក្រុងព្រៃវែង ចំនួន ៨នាក់, ស្រុកព្រះសេ្តច ចំនួន ៩នាក់, ស្រុកពារាំង ចំនួន ៧នាក់, ស្រុកស្វាយអន្ទរ ចំនួន ៤នាក់, ស្រុកកំចាយមារ ចំនួន ៤នាក់, ស្រុកសុីធរកណ្ដាល ចំនួន ៤នាក់, ស្រុកពាមជរ ចំនួន ៣នាក់, ស្រុកពោធិ៍រៀង ចំនួន ២នាក់, ស្រុកកញ្ចៀច ចំនួន ១នាក់។
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ ជាករណីឆ្លងក្នុងសហគមន៍ ដែលត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករៀងខ្លួននីមួយៗ។ ក្នុងនោះដែរ អភិបាលខេត្តព្រៃវែង បានអំពាវនាវដល់ពលរដ្ឋជាអ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ ឱ្យដាក់ខ្លួនដាច់ដោយឡែក ហើយតាមដានសុខភាពរយៈពេល ១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)៕
សូមបញ្ជាក់ផងដែរ គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ក្នុងខេត្តព្រៃវែង មានចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៨២៤នាក់ ដែលអ្នកដែលត្រូវបានព្យាបាលជាសះស្បើយសរុបចំនួន ៣៥៦នាក់ , អ្នកជំងឺ ៤៦០នាក់ទៀតនៅកំពុងសំរាកព្យាបាល និងស្លាប់សរុបចំនួន ០៨នាក់៕

