កោះកុង៖ បុរសម្នាក់វ័យ ៦៤ឆ្នាំ បានទទួលមរណភាពនៅលើឡានក្នុងមន្ទីរសុខាភិបាលខេត្តកោះកុង ក្រោយមកក៏តេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩។ នេះបើយោងតាមព័ត៌មានដែលស៊ីស៊ីថាមស៍ទទួលបានពីប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង នាល្ងាចថ្ងៃនេះ។
ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង លោក ទៅ ម៉ឹង បានប្រាប់ស៊ីស៊ីថាមស៍ថា បុរសម្នាក់ វ័យ ៦៤ឆ្នាំ ដែលជាអ្នកធ្វើដំណើរមកពីបឹងទំពុន រាជធានីភ្នំពេញ មានជាប់ពាក់ព័ន្ធនឹងករណីឆ្លងកូវីដ-១៩ មានឈ្មោះថា ចាន់ លី បានទទួលមរណភាពនៅលើរថយន្តដែលកំពុងធ្វើដំណើរ មុនពេលទៅដល់មន្ទីរពេទ្យ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៧ និង៣០នាទីព្រឹក ដោយអ្នកជំងឺធ្លាប់មានប្រវត្តិឈឺសួត និងជាប់ពាក់ព័ន្ធនឹងករណីឆ្លងកូវីដ-១៩។
តាមការសាកសួររបស់ស៊ីស៊ីថាមស៍ ក្នុងការបញ្ជាក់អំពីប្រវត្តិការស្លាប់របស់បុរសខាងលើ គឺកាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២១ លោក បានធ្វើដំណើរមកពីរាជធានីភ្នំពេញ រយៈពេល ០៤ថ្ងៃ ហើយដោយបានមកសម្រាកលេងជាមួយកូនរបស់ខ្លួន ដែលជាអ្នកចាំចម្ការឱ្យគេនៅចំណុចវង់កាថៈ ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ហើយមានអ្នកពាក់ព័ន្ធចំនួន ១២នាក់ រួមទាំងខ្លួនគាត់។
ក្នុងចំណោមអ្នកពាក់ព័ន្ធផ្ទាល់នឹងបុរសដែលបានទទួលមរណភាពខាងលើមានវិជ្ជមានកូវីដហើយ អាជ្ញាធរ ក៏បានរកឃើញមាន ០៣នាក់បន្ថែមហើយ ក្នុងនោះកូនស្រីបង្កើត ០១នាក់, កូនស្រីប្រសារ ០១នាក់ និងចៅប្រុសបង្កើតអាយុ ១៣ឆ្នាំម្នាក់ទៀត ដែលរកឃើញមានវិជ្ជមានកូវីដ-១៩៕