ភ្នំពេញ៖ យោងតាមការប្រកាសរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី០៨ ខែមិថុនា នេះ បានជូនដំណឹងដល់អ្នកខេត្តកំពត និងអ្នកទៅលេងខេត្តកំពត ថា អ្នកជំងឺកូវីដ-១៩ និងមិត្តភក្ដិមួយក្រុម បានទៅស្នាក់នៅ «រ៉ាមូ រីស៊ត»(Ramo Resort) ដែលមានទីតាំងស្ថិតនៅផ្លូវទឹកឈូ ក្រុងកំពត។ ហេតុនេះ អ្នកដែលពាក់ព័ន្ធនឹងករណីនេះ នៅថ្ងៃទី០១ ខែមិថុនា (Check-In ប្រហែលម៉ោងជាង៧ល្ងាច) ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និង«តាមដានសុខភាព» រយៈពេល ១៤ថ្ងៃ ហើយបើមានរោគសញ្ញាគួរសង្ស័យ សូមមេត្តាប្រញាប់ទៅយកសំណាកធ្វើតេស្តរកកូវីដនៅមន្ទីរពេទ្យ។
ក្រោយពីធ្វើការសាកសួរអ្នកជំងឺ និងអ្នកដែលបានទៅជាមួយអ្នកជំងឺទាំងអស់រួចមកនៅល្ងាចនេះ ករណីឆ្លងនេះគឺស្ថិតនៅ Ramo Resort ដែលមានទីតាំងស្ថិតនៅផ្លូវទឹកឈូ ក្រុងកំពត មិនមែន Bambo Resort នោះទេ សូមប្រជាពលរដ្ឋ កុំយល់ច្រឡំអី។ ជាមួយនឹងករណីនេះ អាជ្ញាធរ បានអំពាវនាវដល់ប្រជាពលរដ្ឋពាក់ព័ន្ធ ទៅយកសំណាក ហើយធ្វើចត្តាឡីស័កតាមដានសុខភាព និងសូមក្រើនរំលឹកប្រជាពលរដ្ឋនៅខេត្តកំពត និងអ្នកទៅលេងខេត្តកំពត ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការ ជាពិសេសអ្នកជំងឺបានទៅស្នាក់នៅ«រ៉ាមូ រីស៊ត»(Ramo Resort) នៅថ្ងៃទី០១ ខែមិថុនា (Check-In ប្រហែលម៉ោងជាង៧ល្ងាច) ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់«តាមដានសុខភាព»របស់ខ្លួនរយៈពេល ១៤ ថ្ងៃ។
ក្នុងករណីមានរោគសញ្ញា នៃសុខភាពប្រែប្រួលផ្សេងៗ ដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យដែលនៅជិតបំផុត។ គួររំលឹកថា អ្នកដែលស្ម័គ្រចិត្តទៅធ្វើតេស្ត សូមកុំភ្លេចភ្ជាប់អត្តសញ្ញាណបណ្ឌផ្ទាល់ខ្លួនទៅជាមួយផង និងពាក់ម៉ាសជាប្រចាំ បន្ទាប់ពីអញ្ជើញទៅធ្វើតេស្តសុខភាពរួចរាល់ហើយ សូមបន្តធ្វើការផ្ដាច់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃបន្តទៀត ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕