កំពត៖ រដ្ឋបាលខេត្តកំពត នាយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បានប្រកាសពីករណីស្លាប់ជនជាតិខ្មែរចំនួន ០២នាក់ ដែលមានស្រ្តីម្នាក់ នៅភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២១ ម៉ោង១២ និង៣០នាទី និងបុរសម្នាក់ នៅភូមិបឹងធំខាងកើតឃុំអង្គរសុភី ស្រុកកំពង់ត្រាច ខេត្តកំពត បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២១ ព្រឹកម៉ោង៩ និង០០នាទី ដោយសារជំងឺកូវីដ-១៩។
យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពត បានឱ្យដឹងថា ស្ត្រីម្នាក់ឈ្មោះ តូច យូ អាយុ ៧៧ឆ្នាំ មានអាសយដ្ឋាននៅ ភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បានរកឃើញករណ៍វិជ្ជមានកូវីដ-១៩ រួចបានចូលមកសម្រាកព្យាបាលមន្ទីរពេទ្យបង្អែកកំពង់ត្រាច នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៨:០០នាទី ក្នុងស្ថានភាព ក្អក ចុកទ្រូង ហត់ អស់កម្លាំង បាយមិនបាន។ ដោយស្ថានភាពជំងឺមានការវិវត្តចេះតែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាម លក្ខណៈបច្ចេកទេសបន្ទាន់ភ្លាមៗ និងគ្រប់មធ្យោបាយ ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន រួចគាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង១២ និង៣០នាទី។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីជនជាតិខ្មែរអាយុ ៧៧ឆ្នាំខាងលើ បានស្លាប់ដោយសារ វិបត្តិផ្លូវដង្ហើម ស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩។
ដោយឡែក បុរសម្នាក់ឈ្មោះ ម៉ៅ រ៉េត អាយុ ៥២ឆ្នាំ មានអាសយដ្ឋាននៅភូមិ បឹងធំខាងកើតឃុំអង្គរសុភី ស្រុកកំពង់ត្រាច ខេត្តកំពត បានរកឃើញករណ៍វិជ្ជមានកូវីដ-១៩ រួចបានចូលមកសម្រាកព្យាបាលមន្ទីរពេទ្យបង្អែកកំពង់ត្រាច នៅថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២១ វេលាម៉ោង៩ និង០០នាទីព្រឹកក្នុងស្ថានភាព អស់កម្លាំង ឈឺក្បាល គ្រុនក្តៅ ហៀសំបោរ។ អ្នក ជំងឺបានបន្តសំរាកព្យាបាលក្នុងស្ថានភាពអស់កំលាំង ពិសារបាយមិនបាន ក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈ បច្ចេកទេសបន្ទាន់ភ្លាមៗ គាត់បានធូរជាងមុនបន្តិច។ លុះដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ជំងឺរបស់គាត់បានចាប់ផ្តើម ធ្វើទុកម្តងទៀតក្នុងស្ថានភាពហត់ កំរិតអុកស៊ីហ្សែនក្នុងឈាមធ្លាក់ចុះ មានសភាពខ្យល់ក្រោមស្បែកនៅកខាងស្តាំ។ ក្នុងស្ថានភាពវិវត្តន៍ធ្ងន់ធ្ងរដូចនេះក្រុមគ្រូពេទ្យបានជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសបន្ទាន់និងគ្រប់មធ្យោបាយ ហើយក៏បានព្យាយាមទាក់ទងក្នុងការបញ្ជូនទៅភ្នំពេញតែដោយសារជំងឺរបស់គាតធ្ងន់ធ្ងរពេក គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង៩ និង០០នាទីព្រឹក។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ។ បុរសជនជាតិខ្មែរអាយុ ៥២ឆ្នាំ ខាងលើ បានស្លាប់ដោយសារ វិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩។
រដ្ឋបាលខេត្តកំពត មានការសោកស្តាយជាពន់ពេក និងសូមចូលរួមចំណែករំលែកមរណៈទុក្ខយ៉ាងក្រៀមក្រំ ជាទីបំផុតជាមួយក្រុមគ្រួសារសព៕