ភ្នំពេញ ៖ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៥០ម៉ឺនដូសបន្ថែមទៀត ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន នឹងត្រូវដឹកមកកម្ពុជានៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ស្អែកនេះហើយ។
វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥០ម៉ឺនដូសនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញវ៉ាក់សាំងចំនួននេះបន្ថែមទៀត ជាចំនួនដូសស្ថិតក្នុងចំណោមវ៉ាក់សាំង ៤,៥លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ។
គិតមកដល់បច្ចុប្បន្ន កម្ពុជាទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ទាំងវ៉ាក់សាំងជំនួយ និងការបញ្ជាទិញពីប្រទេសចិនប្រមាណជាង ៦លានដូសហើយ ក្នុងនោះវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៤លានដូស វ៉ាក់សាំងស៊ីណូហ្វាមចំនួន ១,៧លានដូស និងវ៉ាក់សាំងកូវីសែល(អាស្ត្រាហ្សេនីកា) ដែលជាជំនួយពីអង្គការសុខភាពពិភពលោកចំនួន ៣២ម៉ឺន ៤ពាន់ដូស។
គិតត្រឹមថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២១នេះ ចំនួនវ៉ាក់សាំងជាង ២លាន ៧៥ម៉ឺននាក់ហើយ បានចាក់ជូនប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដោយឥតគិតថ្លៃ ខណៈរាជរដ្ឋាភិបាល បានដាក់ផែនយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្នុងប្រទេស ឱ្យបានដល់ ១០លាននាក់ នៅត្រឹមចុងឆ្នាំ២០២១ នេះ ឬដើមឆ្នាំ២០២២ ខាងមុខ៕