ក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ បានប្រកាសពីករណីស្លាប់របស់ស្ត្រីជនជាតិខ្មែរម្នាក់ដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង១០ និង៣០នាទីព្រឹក។
យោងតាមរបាយការណ៍របស់មន្ទីរពេទ្យបង្អែកខេត្តក្រចេះបានឱ្យដឹងថា ស្ត្រីជនជាតិខ្មែរបានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ មានអាយុ ៥៧ ឆ្នាំ មានអាសយដ្ឋាននៅភូមិវត្ត ឃុំកោះចែង ស្រុកចិត្របុរី ខេត្តក្រចេះ។
សូមកត់សម្គាល់ថា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៥ និង០០នាទី ស្រ្តីខាងលើ ត្រូវបានដាក់ឱ្យទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដោយស្ថានភាពអ្នកជំងឺឈឺដើមទ្រូងខ្លាំង និងពិបាកដកដង្ហើម។ ហើយក្រោយមក ក្រុមគ្រូពេទ្យ បានយកសំណាកធ្វើតេស្តរហ័សរកឃើញមានផ្ទុកជំងឺកូវីដ-១៩ ប៉ុន្តែដោយស្ថានភាពអ្នកជំងឺមានវិបត្តិផ្លូវដង្ហើមធ្ងន់ធូរស្រួចស្រាវ។
ទោះបីក្រុមគ្រូពេទ្យ បានខិតខំជួយសង្គ្រោះតាមបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយសង្គ្រោះអ្នកជំងឺបាន ដោយស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរឡើង ទើបបណ្តាលឱ្យស្លាប់បាត់បង់ជីវិត។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ ស្រួចស្រាវបណ្តាលមកពីវីរុសកូវីដ-១៩។
រដ្ឋបាលខេត្តក្រចេះ សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណៈទុក្ខយ៉ាងក្រៀម កំជាទីបំផុតជាមួយក្រុមគ្រួសារសព។