ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ នេះ បានអំពាវនាវដល់កម្មករ-កម្មការិនី ជាពិសេសអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ជាមួយនឹងអ្នកធ្វើការនៅក្នុងរោងចក្រផលិតស្បែកជើង និងសម្ភារៈកីឡា កោវ៉េ ស្ព័ត (KAOWAY Sports Ltd) ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត នៃតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ខេត្តស្វាយរៀង សូមធ្វើចត្តាឡីស័ក និងតាមដានសុខភាពខ្លួន ព្រោះកម្មករ-កម្មការិនីមួយចំនួនតូចមានវិជ្ជមានកូវីដ-១៩ កន្លងមក។
ជាមួយនឹងករណីនេះ អាជ្ញាធរខេត្តស្វាយរៀង សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ក្នុងរយៈពេល ១៤ថ្ងៃ ហើយបើសិនមានរោគសញ្ញាគួរសង្ស័យសុខភាពប្រែប្រួលផ្សេងៗ ដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ។
ក្នុងករណីមានការសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ឱ្យបានលឿនតាមដែលអាចធ្វើបាន។
គួររំលឹកថា អ្នកដែលស្ម័គ្រចិត្តទៅធ្វើតេស្តរកជំងឺកូវីដ សូមកុំភ្លេចភ្ជាប់អត្តសញ្ញាណបណ្ឌផ្ទាល់ខ្លួនទៅជាមួយផង និងពាក់ម៉ាសជាប្រចាំ បន្ទាប់ពីអញ្ជើញទៅធ្វើតេស្តសុខភាពរួចរាល់ហើយ សូមបន្តធ្វើការផ្ដាច់ខ្លួនឱ្យនៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃបន្តទៀត ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕