ខេត្តកែប៖ រដ្ឋបាលខេត្តកែប ប្រកាសព័ត៌មាន ស្ដីពីការរកឃើញបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ចំនួន ០៣នាក់ថ្មីបន្ថែមទៀត និងអ្នកត្រូវបានព្យាបាលជាសះស្បើយចំនួន ០៣នាក់ នៅខេត្តកែប។
រដ្ឋបាលខេត្តកែប បានឱ្យដឹងថា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្ត បានបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០៣នាក់ ថ្មីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស និងបានព្យាបាលជាសះស្បើយចំនួន ០៣នាក់ ដូចខាងក្រោម៖
សូមបញ្ជាក់ថា បុគ្គលវិជ្ជមានទាំងអស់នេះ មានប្រវត្តិប៉ះពាល់ដោយផ្ទាល់ និងជាបុគ្គលមានប្រវត្តិ ធ្វើដំណើរមកពីតំបន់កាស៊ីណូ សុខ គឹមម៉េង ច្រកទ្វារទ្វេភាគីតន់ហន់ ក្នុងភូមិព្រែកក្រឹស ឃុំព្រែកក្រាស ស្រុកកំពង់ត្រាច ខេត្តកំពត បានស្ម័គ្រចិត្តមកធ្វើតេស្តរកមេរោគកូវីដ-១៩ និងត្រូវបានដាក់ឱ្យសម្រាក ព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ខេត្តកែប។ ដោយឡែកចំពោះបុគ្គលប៉ះពាល់ជាមួយករណីនេះ ក្រុមការងារឆ្លើយតបបន្ទាន់របស់រដ្ឋបាលខេត្តកែប បាន និងកំពុងស្វែងរកបន្តទៀត ដើម្បីចាត់ចែងអនុវត្តវិធានការសុខាភិបាល។
រដ្ឋបាលខេត្តកែប សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានទីលំនៅអចិន្ត្រៃយ៍នៅខេត្តកែប ទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងតំបន់កាស៊ីណូ សុខ គឹមម៉េង ច្រកទ្វារទ្វេភាគីតន់ហន់ ក្នុងភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ពិសេសអ្នកដែលបានជួបប្រាស្រ័យទាក់ទងជាមួយបុគ្គល វិជ្ជមានខាងលើ ប្រសិនបើមានរោគសញ្ញាដូចជា ហៀរសំបោរ ឡើងកម្តៅ ផ្តាសាយ ឃុំបង់ក ថប់ដង្ហើម ក្អក ឬមានរោគសញ្ញាសង្ស័យផ្សេងៗទៀត សូមទាក់ទងមកក្រុមការងារឆ្លើយតប្បន្ទន់របស់រដ្ឋបាលរំចិត្ត តាមរយៈទូរស័ព្ទលេខ ០១៦ ៣៣៤ ៣៣៣ ឬ០៩២ ៧៧០ ៩៩០ ដើម្បីពិភាក្សា និងរៀបចំយកសំណាក់ ធ្វើតេស្តរកមេរោគកូវីដ-១៩ឱ្យបានឆាប់បំផុត។
រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការអនុវត្តតាម សេចក្តីណែនាំស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកែប ឱ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ការពារ និង ៣កុំ» ជាពិសេសវិធានការរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បី ក្រុមគ្រួសារ និងសហគមន៍ចៀសផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ៕