ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នេះ បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤៣នាក់បន្ថែមទៀត ជាកម្មករ-កម្មការិនី«រោងចក្រយូលី» ដែលមានអាសយដ្ឋាននៅក្រុងបាវិត ០៩នាក់, ក្រុងស្វាយរៀង ០៧នាក់, ស្រុកស្វាយទាប ២១នាក់, ស្រុកស្វាយជ្រំ ០៣នាក់, ស្រុកកំពង់រោទិ៍ ០៣នាក់។
យោងតាមសេចក្តីជូនព័ត៌មានដដែល បច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ ជាកម្មករ-កម្មការិនីទាំង ៤៣នាក់ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩បាវិត។
ជាមួយគ្នានេះ រដ្ឋបាលខេត្ដស្វាយរៀង បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងទីតាំង ខាងលើ គិតចាប់ពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាម ដានសុខភាព ។ ប្រសិនបើមានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន, ក្អក, កណ្តាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧/០៤៤ ៧១២ ៥២២។
ទន្ទឹមនេះ រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបុគ្គលិក សុខាភិបាលដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម សហការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍នៅក្នុងខេត្តស្វាយរៀង ដោយបន្តគោរពតាមវិធានការរបស់សុខាភិបាលឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា៕