តាកែវ៖ យោងតាមសេចក្តីជូនដំណឹងរដ្ឋបាលខេត្តតាកែវ បានប្រកាសថា នៅខេត្តតាកែវ បានរកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៣៧នាក់បន្ថែមទៀត លទ្ធផលនៃការវិភាគសំណាករកមេរោគកូវីដនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ដែលជាករណីឆ្លងក្នុងសហគមន៍ ក្នុងនោះមានជាអាជីវករ ពលករ សិស្ស អ្នកដំណើរ អ្នកលក់បុកល្ហុង កម្មករ និងកម្មការិនីរោងចក្រ។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ថែមទៀត រដ្ឋបាលខេត្ត បានអំពាវនាវដល់លោក លោក ស្រីអាជីវករ បងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្តល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះរបស់លោកអ្នករៀងរាល់ម៉ោងធ្វើការ(រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល ។
បន្ថែមលើនេះ អ្នកដែលពាក់ព័ន្ធដទៃទៀតត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្តៅយ៉ាងតិច ២ដង ក្នុងមួយថ្ងៃ ត្រូវសម្រាកនៅផ្ទះ ឬបន្ទប់ដាច់តែឯង និងត្រូវថែរក្សាអនាម័យខ្លួនជានិច្ច។ ជាមួយគ្នានោះ បងប្អូនប្រជាពលរដ្ឋនិងសាធារណជនទាំងអស់ត្រូវអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់បំផុត ជាពិសេសសូមបងប្អូនអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ«៣កុំ ៣ការពារ»។
ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជា ឡើងកម្តៅលើសពី ៣៧អង្សាសេ ក្អក កណ្តាស់ ហៀរ សំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម ។ល។ ត្រូវប្រញ៉ាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរពេទ្យបង្អែកតាម ក្រុង ស្រុក ឬមន្ទីរសុខាភិបាលខេត្ត ឬ តាមរយៈលេខទូរស័ព្ទ ០១៦ ៨៩៥ ៩៥៥ (ឯកឧត្តម វេជ្ជ. នុត ស៊ីណាត)។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជ្រាបនិងចូលរួមអនុវត្តឱ្យ មានប្រសិទ្ធភាពខ្ពស់៕