ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ រកឃើញករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០១នាក់ ដែលជាបុរសជនជាតិខ្មែរ ជាសន្តិសុខកាស៊ីណូជីនប៉ី នៅខេត្តព្រះសីហនុ ដែលវិលត្រឡប់ទៅស្រុកកំណើតនៅខេត្តស្វាយរៀង។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះ បុរសដែលវិជ្ជមានកូវីដខាងលើនេះ ទើបវិលត្រលប់មកពីខេត្តព្រះសីហនុចូលក្នុងខេត្តស្វាយរៀង កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ដែលបុរសឈ្មោះ ពេជ តឿន អាយុ ៤៨ឆ្នាំ មានស្រុកកំណើតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត មានមុខរបរសន្តិសុខកាស៊ីណូជីនប៉ី នៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានធ្វើដំណើរតាមរថយន្តឈ្នួលម៉ាក SIENNA ពណ៌ស មិនចាំស្លាកលេខនៅចំណតរថយន្តឯករាជ្យ រហូតមកដល់ស្រុកកំណើត ដោយមានការសង្ស័យចូលក្នុងនិយមន័យកូវីដ-១៩ ទៅយកវត្ថុវិភាគសំណាកដើម្បីធ្វើតេស្តរហ័ស នៅអតីតយានដ្ឋាន MR SO លទ្ធផលវិជ្ជមានកូវីដ-១៩។ បច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅ«មន្ទីរពេទ្យបង្អែកស្វាយជ្រុំ»។
ដោយឡែក ចំពោះអ្នកប៉ះពាល់ផ្ទាល់មានចំនួន ០២នាក់ ហើយកំពុងរង់ចាំក្រុមការងារយកវត្ថុវិភាគសំណាកធ្វើតេស្ត បានដាក់ឱ្យធ្វើចត្តាឡីស័ក ដើម្បីតាមដានសុខភាព។ ហើយលើសពីនេះទៀត ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត សូមអំពាវនាវដល់បងប្អូន ដែលបានធ្វើដំណើរតាមរថយន្តខាងលើនេះ គិតចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ សូមផ្តល់ព័ត៌មានទៅ អាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក នៅតាមទីតាំងប៉ុស្តិ៍យកសំណាកដែលនៅជិតផ្ទះ ហើយ គិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព ។
រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងកូវី-១៩ និងទីតាំង ខាងលើ គិតចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព ។ ប្រសិនបើមានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន, ក្អក, កណ្តាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្តល់ព័ត៌មានទៅ អាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ / ០៤៤ ៧១២ ៥២២ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ នៅក្នុងខេត្តស្វាយរៀង មានអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ៤០៤នាក់ ហើយករណីជាសះស្បើយចំនួន ៣៣១នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលសរុបចំនួន ៦៧នាក់ និងករណីស្លាប់សរុបចំនួន ០៥នាក់៕