តាកែវ៖ រដ្ឋបាលខេត្តតាកែវ ដោយយោងតាមលទ្ធផល នៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ដែលជាករណីឆ្លងនៅក្នុងសហគមន៍ចំនួន ៥១នាក់។
ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ ដែលបានបង្ហាញពីករណីឆ្លងនៃអ្នកវិជ្ជមានជំងឺកូវីដទាំង ៥១នាក់ មានជាអាជីវករ , កសិករ , សិស្ស , ជាងពិដាន ,កម្មករ-កម្មការិនីរោងចក្រជាដើម។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បន្ថែមទៀត រដ្ឋបាលខេត្តតាកែវ សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញ៉ាប់រួសរាន់ទៅផ្តល់សំណាក ដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះរបស់លោកអ្នករៀងរាល់ម៉ោងធ្វើការ(រួមទាំងថ្ងៃ ឈប់សម្រាក)ហើយត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល ។
ជាមួយគ្នានេះ អ្នកដែលពាក់ព័ន្ធដទៃទៀត ត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្តៅយ៉ាងតិច ២ដង ក្នុងមួយថ្ងៃ ត្រូវសម្រាកនៅផ្ទះ ឬបន្ទប់ដាច់តែឯង និងត្រូវថែរក្សាអនាម័យខ្លួនជានិច្ច។ ហើយបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ត្រូវអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់បំផុត។
ជាពិសេស អាជ្ញាធរ បានសំណូមពរដល់បងប្អូនពលរដ្ឋទាំងអស់ បន្តការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣កុំ ៣ការពារ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជា៖ ឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អក កណ្តាស់ ហៀរ សំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម ។ល។ ត្រូវប្រញ៉ាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរពេទ្យបង្អែកតាម ក្រុង ស្រុក ឬមន្ទីរសុខាភិបាលខេត្ត ឬ តាមរយៈលេខទូរស័ព្ទ ០១៦ ៨៩៥ ៩៥៥ (ឯកឧត្តម វេជ្ជ. នុត ស៊ីណាត) បងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕