ខេត្តរតនគិរី៖ សេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី១៣ ខែឧសភា នេះ បានប្រកាសពីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់បន្ថែមទៀត លទ្ធផលធ្វើតេស្តរហ័ស នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។
រដ្ឋបាលខេត្តរតនគិរី បានឱ្យដឹងថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី តាមរយៈលទ្ធផលវិភាគរកជំងឺកូវីដ-១៩ ដោយប្រើឧបករណ៍តេស្តរហ័ស បានរកឃើញករណី វិជ្ជមានកូវីង-១៩ ចំនួន ០២នាក់ខាងលើ ធ្វើការងារក្នុងហាងម៉ាតចំការដូង ស្ថិតនៅខ័ណ្ឌដង្កោ រាជធានីភ្នំពេញ បានធ្វើដំណើរឆ្ពោះទៅកាន់ស្រុកកំណើតនៅភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ។
១) ឈ្មោះ ជៀប ស្រីម៉ៅ ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ
២) ឈ្មោះ ឡែវ វ៉ារី ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ
ប្រវត្តិនៃការធ្វើដំណើរ៖ នារីទាំងពីរ បានធ្វើដំណើរមកពី ខណ្ឌដង្កោ រាជធានីភ្នំពេញ យប់ម៉ោង៧ និង០០នាទី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ តាមមធ្យោបាយរថយន្តក្រុង(គេងយប់)ក្រុមហ៊ុនហេង សុខឿន មកដល់ព្រំប្រទល់ខេត្តរតនគិរី-ខេត្តស្ទឹងត្រែង ចំណុចស្ពានស្រែពក ឃុំស្រែអង្រឹង ស្រុកកូនមុំ វេលាម៉ោង ៦ និង០០នាទីព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ត្រូវបានក្រុមគ្រូពេទ្យយកវត្ថុសំណាក ដោយប្រើប្រាស់ឧបករណ៏តេស្ករហ័ស រកឃើញវិជ្ជមានកូវីដ-១៩។
សូមបញ្ជាក់ថា៖ អ្នករួមដំណើរជាមួយអ្នកវិជ្ជមានខាងលើ មានសរុបចំនួន ១៣នាក់ ក៏ត្រូវបានយកវត្ថុសំណាក ដោយឧបករណ៍តេស្តរហ័សជាលទ្ធផលអវិជ្ជមានកូវីដ។ ហើយបច្ចុប្បន្នអ្នកវិជ្ជមានទាំងពីរ រួមជាមួយអ្នករួមដំណើរពាក់ព័ន្ធ ត្រូវបានយកទៅព្យាបាល និងដាក់ចត្តាឡីស័ក នៅវិទ្យាល័យត្រពាំងក្រហម ស្ថិតនៅភូមិបី ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
រដ្ឋបាលខេត្តរតនគិរី សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការ អនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការការពារ និង៣កុំ ព្រមទាំងវិធានការសុខាភិបាលចាំបាច់នានាឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងក្រុមគ្រួសារ និងសហគមន៍។
សូមបញ្ជាក់ថា នៅថ្ងៃទី១៣ ខែឧសភា នេះ រដ្ឋបាលខេត្តរតនគិរី រកឃើញករណីឆ្លងកូវីដ-១៩ មានចំនួនសរុប ០៥នាក់ ក្នុងនោះមានអ្នកជំងឺចំនួន០៤នាក់ ត្រូវបានរកឃើញនៅចំណុច«ទីតាំងត្រួតពិនិត្យបឋម»៕