ខេត្តតាកែវ៖ រដ្ឋបាលខេត្តតាកែវ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា យោងតាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ-១៩ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នៅខេត្តតាកែវ បានរកឃើញអ្នក ជំងឺកូវីដ-១៩ថ្មីចំនួន ០៥នាក់បន្ថែមទៀត ដែលជាករណីឆ្លងនៅក្នុងសហគមន៍។
ក្នុងសេចក្តីជូនដំណឹងរដ្ឋបាលខេត្តតាកែវ បានបង្ហាញនៅថ្ងៃទី១២ ខែឧសភានេះអត្តសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង០៥ នាក់ ជាអាជីវករ, កម្មករ , ពលករ និងកសិករ រួមមាន៖
១. ម៉ន សុខរីម ភេទស្រី អាយុ ២១ឆ្នាំ ជាកម្មការិនីរោងចក្រ អាសយដ្ឋាននៅសាន់បូរ ភូមិចារ ឃុំចារ ស្រុកព្រៃកប្បាស
២. យន់ ពៅ ភេទស្រី អាយុ ៤១ឆ្នាំ ជាកម្មការិនីរោងចក្រសាន់បូរ អាសយដ្ឋាននៅភូមិច័ន្ទមង្គល ឃុំចារ ស្រុកព្រៃកប្បាស
៣. យ៉ម រ៉ាវុធ ភេទប្រុស អាយុ ៥២ឆ្នាំ ជាកសិករ អាសយដ្ឋាននៅភូមិអង្គ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ
៤. សៀម ប៊ុនធី ភេទប្រុស អាយុ ២៦ឆ្នាំ ជាអ្នកដឹកនំតាមហាង អាសយដ្ឋាននៅភូមិរកា ឃុំបាស្រែ ស្រុកអង្គរបូរី
៥. យូ មិនា ភេទស្រី អាយុ ២៧ឆ្នាំ ជាពលករខ្មែរមកពីប្រទេសថៃ អាសយដ្ឋាននៅ ភូមិទ្រង់ភូមិ ឃុំព្រៃផ្តាំ ស្រុកអង្គរបូរី។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវដ-១៩បន្ថែមទៀត រដ្ឋបាលខេត្ត សូមអំពាវនាវដល់លោក លោក ស្រីអាជីវករ បងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោលជាមួយអ្នក វិជ្ជមានកូវីដ-១៩ ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្តល់សំណាក ដើម្បីវិភាគរក វីរុសកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ដែលនៅជិតផ្ទះរបស់លោកអ្នករៀងរាល់ម៉ោងធ្វើការ(រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានការរបស់ក្រសួងសុខាភិបាល ។
បន្ថែមលើនេះ អ្នកដែលពាក់ព័ន្ធដទៃទៀត ត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្ដៅយ៉ាងតិច ២ដង ក្នុងមួយថ្ងៃ ត្រូវសម្រាកនៅផ្ទះ ឬបន្ទប់ដាច់តែឯង និងត្រូវថែរក្សាអនាម័យខ្លួនជានិច្ច ជាមួយគ្នានោះបងប្អូន ប្រជាពលរដ្ឋនិងសាធារណជនទាំងអស់ត្រូវអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់បំផុត ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជា៖ ឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អក កណ្តាស់ ហៀរ សំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម ។ល។ ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរពេទ្យបង្អែកតាមក្រុង ស្រុក ឬមន្ទីរសុខាភិបាលខេត្ត ឬ តាមរយៈលេខទូរស័ព្ទ ០១៦ ៨៩៥ ៩៥៥ (ឯកឧត្តម វេជ្ជ. នុត ស៊ីណាត)៕