បន្ទាយមានជ័យ៖ រដ្ឋបាលក្រុងប៉ោយប៉ែត ថ្ងៃទី១០ ខែ ឧសភាឆ្នាំ២០២១ បានជូនដំណឹងអំពីករណីស្លាប់របស់បុរសម្នាក់អាយុ ៥០ឆ្នាំ ជាអាជីវករនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ក្នុងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ យប់ម៉ោង១ និង៣០នាទី។
ការទទួលមរណភាពរបស់អាជីវករម្នាក់ខាងលើនោះ ឈ្មោះ សូ ស៊ីងួន ភេទប្រុស អាយុ ៥០ឆ្នាំ មានមុខរបរជាអាជីវករ (រស់នៅទល់មុខផ្ទះសំណាក់ប្រសើរ) មានទីលំនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩។
ពាក់ព័ន្ធករណីស្លាប់ខាងលើ គឺដំបូងឡើយ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ បុរសដែលជាអ្នកជំងឺដែលបានទទួលមរណភាពខាងលើ ដោយសារតែមានអាការៈក្តៅខ្លួន អស់កម្លាំង និងឡើងឈាម បានទៅសម្រាកព្យាបាលនៅបន្ទប់ពិគ្រោះជំងឺ ឡុង សុធីរៈ មានទីតាំងជាប់របងខាងកើតសាលា«វិទ្យាល័យ គន្ធា ហូមហ្រ្វេន»ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ហើយបានដាក់សេរ៉ូម និងចាក់ថ្នាំផងដែរ លុះយប់ឡើងបានមកធ្វើការសម្រាកនៅផ្ទះ លុះព្រឹកឡើងត្រលប់ទៅកន្លែងព្យាបាលខាងលើម្តងទៀត។
ដោយអាការៈមិនស្រួលខ្លួនខ្លាំង នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ដោយសារអស់កម្លាំងខ្លាំងក៏ចូលទៅដាក់សេរ៉ូម នៅ បន្ទប់ពិគ្រោះជំងឺ សំ សើរ មានទីតាំងនៅទល់មុខមន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានដាក់សេរ៉ូមអស់កន្លះកំប្លោក ពេលនោះ ដោយមានអាការៈដង្ហក់ខ្លាំង គ្រូពេទ្យបានណែនាំអោយទៅ«មន្ទីរពេទ្យបង្អែកប៉ោយប៉ែត» លុះទៅដល់គ្រូពេទ្យបានយកសំណាក ជាលទ្ធផល មានវិជ្ជមានជំងឺកូវីដ-១៩ និងបានធ្វើការសម្រាកចំនួនមួយយប់នៅមន្ទីរពេទ្យ ក្រោយមកក៏បានបញ្ជូនទៅ «មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី» លុះដល់ម៉ោង១ និង៣០នាទីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ អ្នកជំងឺក៏បានស្លាប់បាត់បង់ជីវិតទៅហើយ។
ជាមួយគ្នានេះ រដ្ឋបាលក្រុងប៉ោយប៉ែត បានអំពាវនាវ និងជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដែលធ្លាប់បានប៉ះពាល់ផ្ទាល់ ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ដែលបានរៀបរាប់ខាងលើ សូមរួសរាន់មកជួបគ្រូពេទ្យដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក ចំពោះអ្នក ប៉ះពាល់ដោយប្រយោល សូមធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន និងបើមានអាការៈមិនស្រួល សូមប្រញាប់រួសរាន់ ទៅយកសំណាកធ្វើតេស្តរកជំងឺកូវីដ-១៩ នៅស្ថានីយ៍រថភ្លើងប៉ោយប៉ែត មជ្ឈមណ្ឌលសំចតប៉ោយប៉ែត និងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១២ ៩៨៣៨៥៦, ០៨៥ ៩៩៩៩១៧, ០៩៥ ៥០០០០៣, ០៨៩ ៥៥០០១៦, និង០៩២ ៦៨៣២០៧៕