Cctimesw1140xh150cm copy

«២ភូមិទៀត»ដែលជាប់ពាក់ព័ន្ធកូវីដនៅខេត្តត្បូងឃ្មុំត្រូវបានបិទខ្ទប់ជាបណ្ដោះអាសន្ន

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/
 ភូមិសេដាសែនជ័យ និងភូមិតាកែវ ឃុំសេដា ស្រុកតំបែរ ត្រូវបានរដ្ឋបាលខេត្ត សម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន គិតចាប់ពីថ្ងៃទី០៥ ខែឧសភា រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ (រដ្ឋបាលខេត្តត្បូងឃ្មុំ)

ត្បូងឃ្មុំ៖ បន្ទាប់រកឃើញមានជាប់ពាក់ព័ន្ធជាមួយនឹងអ្នកជំងឺឆ្លងកូវីដ នៅក្នុងទីតាំងភូមិចំនួនពីរទៀត ដែលស្ថិតនៅឃុំសេដា ស្រុកតំបែរ ត្រូវបានរដ្ឋបាលខេត្តត្បូងឃ្មុំ បានសម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន រយៈពេល ១៤ថ្ងៃ។ 

សេចក្ដីសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ននៃការធ្វើដំណើរចេញចូល នៅទីតាំងភូមិសេដាសែនជ័យ និងភូមិតាកែវ ឃុំសេដា ស្រុកតំបែរ សម្រេចឡើងបន្ទាប់ពីមានជាប់ពាក់ព័ន្ធនឹងករណីឆ្លងកូវីដ ត្រូវបានរដ្ឋបាលខេត្ត រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៥ ខែឧសភា រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ ក្នុងក្រុមគ្រួសារ និងសហគមន៍។ 

គួររំលឹកថា បើសិនជាពលរដ្ឋមិនអនុវត្តតាមសម្រេចខាងលើនោះទេ បុគ្គលនោះ នឹងត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ស្របតាមវិធានការកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។ ហេតុដូច្នេះ បើសិនជាប្រជាពលរដ្ឋផ្សេងទៀត កុំធ្វើដំណើរទៅភូមិទាំង២ខាងលើ បើគ្មានការចាំបាច់ រហូតដល់មានការជូនដំណឹងជាថ្មី ឬបើកដំណើរការឡើងវិញ។

ប៉ុន្តែដោយឡែក អាចត្រូវបានលើកលែង ក្នុងករណីចាំបាច់ដូចជា៖ 

- ការធ្វើដំណើរទៅកាន់ទីកន្លែងលក់ម្ហូបអាហារ ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ដែលអនុញ្ញាតឱ្យបើកដំណើរការដោយអាជ្ញាធរមានសមត្ថកិច្ច 

- ការធ្វើដំណើរដោយមានបញ្ហាសុខភាពបន្ទាន់ ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច 

- ការធ្វើដំណើរទៅបង្ហាញខ្លួនឱ្យមន្រ្តីសុខាភិបាល ធ្វើការយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ និងទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមកាលកំណត់ 

- ការធ្វើដំណើររបស់បុគ្គលិកពេទ្យទាំងផ្នែករដ្ឋ និងឯកជន មន្ត្រីរាជការក្រុមពន្លត់អគ្គិភ័យៈកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្ម 

- ការធ្វើដំណើរដោយមានមូលហេតុចាំបាច់ និងបន្ទាន់ផ្សេងៗទៀត ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ជាដើម។

គួរបញ្ជាក់ថា ផ្អែកលើសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នេះ ស្តីពីការរកឃើញវិជ្ជមានកូវីដថ្មី ចំនួន ០២នាក់៖

១) ឈ្មោះ ពេជ្រ តូច ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

២) ឈ្មោះ អៀន នឿន ភេទស្រី អាយុ ៦៥ឆ្នាំ នៅភូមិសេដា ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ហេតុនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ អាជ្ញាធរ ក៏បានចាត់វិធានការបិទខ្ទប់ទីតាំងពាក់ព័ន្ធកូវីដជាបណ្ដោះអាសន្ន នៅភូមិទាំងពីរគឺ ភូមិសេដាសែនជ័យ និងភូមិតាកែវ ខណៈពេលដែលនៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅតែបន្តមានប្រជាពលរដ្ឋ រកឃើញវិជ្ជមានកូវីដបន្តបន្ទាប់ ដែលតម្រូវឱ្យអាជ្ញាធរនៅតែបន្តបិទខ្ទប់ទៀត រហូតដល់មានសេចក្ដីសម្រេចជាថ្មី ដែលបានចេញអនុវត្តវិធានការណ៍បិទខ្ទប់ភូមិដីដុះនោះតាំងពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ មកដល់បច្ចុប្បន្ន នៅតែបន្តបិទខ្ទប់ទៀត៕ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូវីដ
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង