Cctimesw1140xh150cm copy

កម្ពុជាគ្រោងបើកទទួលភ្ញៀវទេសចរបរទេស«ចាក់វ៉ាក់សាំងរួច»នៅចុងឆ្នាំ២០២១

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបតំណាង៖ ភ្ញៀវទេសចរអន្តរជាតិ

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍កម្ពុជា មានគម្រោងបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងកូវីដ១៩រួច ឱ្យមកទស្សនានៅក្នុងប្រទេសកម្ពុជានៅអំឡុងត្រីមាសទី៤ ឬនៅចុងឆ្នាំ២០២១នេះ។ ការបើកទទួលនេះ បន្ទាប់ពីសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាស្នើដល់រដ្ឋាភិបាល ដើម្បីសុំបើកទិដ្ឋាការសម្រាប់ភ្ញៀវទេសចរបរទេសណាដែលបានចាក់វ៉ាក់សាំងកូវីដរួច។

លោក តុប សុភ័ក្រ អ្នកនាំពាក្យនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា បន្ទាប់ពីមានការស្នើសុំ ប្រមុខរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យខាងក្រសួងទេសចរណ៍ធ្វើកិច្ចពិភាក្សាយ៉ាងលម្អិតជាមួយក្រសួងសុខាភិបាល និងក្រសួងឬស្ថាប័នពាក់ព័ន្ធនានា ដើម្បីធ្វើយ៉ាងណាឱ្យដឹងពីតម្រូវការនៃការទទួលភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា។

បើតាមលោក តុប សុភ័ក្រ កិច្ចការនេះគឺពុំទាន់មានការសម្រេចជាផ្លូវការនៅឡើយទេ ព្រោះខាងក្រសួងទេសចរណ៍ ក៏ដូចជាក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធនានាកំពុងតែពិភាក្សាគ្នា និងពិនិត្យមើលស្ថានភាពជាក់ស្តែងនៃការវិវត្តនៃជំងឺឆ្លងកូវីដ១៩។ លោកសង្ឃឹមថា ដំណើរការនេះអាចនឹងចាប់ផ្តើមនៅចុងឆ្នាំ២០២១ និងមានប្រទេសជាច្រើននឹងចូលរួមនៅក្នុងដំណើរទេសចរណ៍មកកម្ពុជាដូចជា ចិន កូរ៉េ និងខាងប៉ែកអឺរ៉ុបជាដើម។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍២០កុម្ភៈបានធ្វើឱ្យកម្ពុជាមានទេសចរណ៍អន្តរជាតិថយចុះរហូតដល់៨០% ចំណែកឯទេសចរណ៍ក្នុងស្រុកថយចុះបប្រមាណជា២០% រីឯធ្វើឲ្យអាជីវកម្មទេសចរណ៍ ជាង៣ពាន់ទីតាំងត្រូវបានបិទទ្វារ ហើយបើព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមិនអាចគ្រប់គ្រងបាន នោះអាជីវកម្មទេសចរណ៍អាចនឹងបិទទ្វារកាន់តែច្រើនឡើង ។

ក្រសួងទេសចរណ៍កម្ពុជា បានមើលឃើញថា ប្រទេសទាំងអស់នៅក្នុងពិភពលោក ជាពិសេសប្រទេសនៅក្នុងតំបន់បានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយ នោះចរន្តទេសចរណ៍នឹងអាចមានសន្ទុះឡើងវិញបន្តិចម្តងៗ។ហើយបើតាមការព្យាករណ៍របស់ក្រសួងទេសចរណ៍ ចរន្តទេសចរណ៍កម្ពុជាអាចនឹងមានកំណើនខ្លាំងក្លាដូចដើមវិញនៅឆ្នាំ២០២៥៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង