កំពង់ឆ្នាំង៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រកាសនូវការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣ករណីថ្មីបន្ថែមទៀត ក្នុងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ជាជនជាតិវៀតណាម មានអាសយដ្ឋាននៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ពិសេសប្រជាពលរដ្ឋ ដែលធ្លាប់ពាក់ព័ន្ធនៅទីតាំង ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ឱ្យបានដឹងថា ករណីឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង "ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ក្នុងខេត្តកំពង់ឆ្នាំង បានរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន ៣នាក់បន្ថែមទៀត។
បុរសឈ្មោះ «ង្វៀង យាំងហៀវ» អាយុ ៥២ឆ្នាំ ជនជាតិវៀតណាម មានអាសយដ្ឋាននៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (ត្រូវជាឪពុករបស់ស្រ្តីឈ្មោះ ជីន ធីហ៊ឹង)
ស្រ្តីឈ្មោះ «តុង ធីគា» ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិវៀតណាម មានអាសយដ្ឋានរស់នៅភូមិថ្លុកទ្រូ ឃុំធ្លកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (ត្រូវជាម្តាយរបស់ឈ្មោះ ជីន ធីហ៊ឹង)
-ឈ្មោះ «តុង អៀង» ភេទស្រី អាយុ ១០ឆ្នាំ ជនជាតិវៀតណាម មានអាសយដ្ឋានរស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ (ត្រូវជាអ្នករស់នៅជាប់ផ្ទះឈ្មោះ ជីន ធីហ៊ឹង)
ដោយឡែក ប្រវត្តិនៃការប៉ះពាល់ចំពោះអ្នកជំងឺកូវីដទាំង៣ ខាងលើ មានប្រវត្តិពាក់ព័ន្ធផ្ទាល់ជាមួយឈ្មោះ ជីន ធីហ៊ឹង ភេទ ស្រី អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម ដែលមានវិជ្ជមានកូវីដ-១៩ ដោយទទួលបានលទ្ធផលពីវិទ្យាស្ថានសុខភាពសាធារណៈ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ កន្លងទៅ។
នៅថ្ងៃបន្ទាប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ អ្នកទាំង៣ ខាងលើ បានទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ដោយតេស្តរហ័ស រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ក៏ទទួលបានលទ្ធផលបញ្ជាក់នូវសំណាកពីវិទ្យាស្ថានសុខភាពសាធារណៈថា អ្នកទាំងបីខាងលើ ពិតជាមានវិជ្ជមានកូវីដ-១៩ មែន ហើយក៏បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យដែលបានកំណត់។
អាស្រ័យហេតុនេះ រដ្ឋបាលខេត្ត បានអំពាវនាវទៅដល់សាធារណជនដែលមានទំនាក់ទំនងផ្ទាល់ និងប្រយោលជាមួយបុគ្គលទាំងបីខាងលើ ទៅពិនិត្យសំណាកជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកបរិបូណ៌ ចាប់ពីថ្ងៃប្រកាសព័ត៌មាននេះតទៅ ដោយសហការជាមួយគ្នា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ទៀត៕