ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៦ ខែមេសា នេះ បានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១កន្លងទៅ មន្ត្រីមួយរូបនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការនិងសាសនា រកឃើញមានវិជ្ជមានកូវីដ-១៩ ។
តាមរបាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជា អ្នកវិជ្ជមានកូវីដ-១៩ ខាងលើជាមន្ត្រីរាជការនៃការិយាល័យរបៀប និងអធិការកិច្ច នៃផ្នែកពុទ្ធិកបឋមសិក្សា និងធម្មវិន័យ មានឈ្មោះ «សោម ភ័ស» ភេទប្រុស អាយុ ៣៨ឆ្នាំ មានអាសយដ្ឋានបច្ចុប្បន្ន ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ស្ថិតក្នុងតំបន់ក្រហម) ត្រូវរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ កន្លងទៅ។
គួរកត់សម្គាល់ថា មន្ត្រីខាងលើនេះ ធ្លាប់បានមកបើកប្រាក់ឧបត្ថម្ភប្រឡង កាលពីរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ នៅ«ការិយាល័យពុទ្ធិកបឋមសិក្សា»នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បានជួបផ្ទាល់ជាមួយលោក សួន សុខា ជាប្រធានការិយាល័យពុទ្ធិកបឋមសិក្សា។ ហើយក្រៅពីពេលវេលាខាងលើនេះ លោក «សោម ភ័ស» មិនដែលបានទៅ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការ និងសាសនា ទៀតនោះទេ។
ជាមួយនឹងករណីនេះ ក្រសួងធម្មការ និងសាសនា បានជូនដំណឹងសំណូមពរដល់ សម្តេចព្រះតេជគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយ«អ្នកជំងឺខាងលើដោយផ្ទាល់» ត្រូវទៅយកសំណាកនៅតាមទីតាំង ដែលក្រសួងសុខាភិបាលបានកំណត់ ក្នុងនោះមាន៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែក្រោម វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាស្រុកមង្គល ព្រមទាំងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ។
ដោយឡែកចំពោះអ្នកពាក់ព័ន្ធប្រយោល សូមមេត្តាធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ និងធ្វើការ«តាមដានសុខភាពខ្លួនឯង» ដោយគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។ ករណីស្ថានភាពសុខភាពមានការវិវត្តន៍ខុសពីធម្មតា សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទទាន់ហេតុការណ៍លេខ ១១៥ ដោយឥតគិតថ្លៃ។
ទន្ទឹមនឹងនេះ សូមប្រជាពលរដ្ឋកម្ពុជា ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ការពារ និង៣កុំ»ទាំងអស់គ្នា ដើម្បីចៀសឆ្ងាយពីជំងឺកូវីដ-១៩៕