កំពង់ចាម៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈ រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៥នាក់ ជាសមាជិកក្រុមគ្រួសារ និងជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ ដែលរកឃើញមានវិជ្ជមានកូវីដ កាលពីថ្ងៃទី២១មេសា កន្លងទៅ។
រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា អ្នកទាំង៥នាក់ ដែលវិជ្ជមានកូវីដ ជាករណីជាប់ពាក់ព័ន្ធនឹង អ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ មានអាសយដ្ឋាននៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម រួមមាន៖
១) ឈ្មោះ ខៀវ ដាលីន ភេទស្រី អាយុ ៣២ឆ្នាំ ត្រូវជា«បងស្រី»អ្នកជំងឺកូវីដ«ខៀវ ដាឡៃ»
២-ឈ្មោះ ខៀវ ឈាងម៉ៃ ភេទប្រុស អាយុ ២១ឆ្នាំ ត្រូវជា«ប្អូនប្រុស»អ្នកជំងឺកូវីដ«ខៀវ ដាឡៃ»
៣-ឈ្មោះ ខៀវ ម៉េងស្រួយ ភេទប្រុស អាយុ ១៧ឆ្នាំ ត្រូវជា«ប្អូនប្រុស»អ្នកជំងឺកូវីដ«ខៀវ ដាឡៃ»
៤-ឈ្មោះ ហោ គឹមលន ភេទស្រី អាយុ ៤៨ឆ្នាំ ត្រូវជា«ម្តាយ»អ្នកជំងឺកូវដ«ខៀវ ដាឡៃ»
៥-ឈ្មោះ ខ្ញុំ សុខខេង ភេទស្រី អាយុ ១៨ខែ ត្រូវជា«កូន»អ្នកជំងឺកូវីដ«ខៀវ ដាឡៃ»។
កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ កន្លងទៅ សមាជិកគ្រួសារទាំង«០៥នាក់»ខាងលើ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅ«មណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត» បន្ទាប់ពីពួកគេ បានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ ជាបុគ្គលិកមណ្ឌលសុខភាព នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម បានស្ម័គ្រចិត្តទៅធ្វើជា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៅរាជធានីភ្នំពេញ ហើយក៏បានរកឃើញវិជ្ជមានកូវីដ ក្នុងថ្ងៃទី២១ ខែមេសានោះ។
ដោយឡែក បច្ចុប្បន្ន «អ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ» និង«ស្វាមី»ដែលវិជ្ជមានកូវីដ-១៩ បានបញ្ជូនឱ្យសម្រាកព្យាបាលនៅវិមានពិភពថ្មីសែនសុខ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បញ្ជូនអ្នកជំងឺទាំង៥នាក់ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលនឹងករណីនេះបន្ថែមទៀត៕