ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២២ មេសា នេះ បានឱ្យដឹងថា រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ០២នាក់ ជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ស្ពឺ មុខរបរជា«អ្នកដឹកបន្លែផ្សារនាគមាស» ហើយជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។
រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ជូនសាធារណជន និងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ អំពីអត្តសញ្ញាណរអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ០២រូបខាងលើនេះ រួមមាន៖ ស្រ្តីម្នាក់ ឈ្មោះ អូត សុខា អាយុ ៣៦ឆ្នាំ ជាអ្នកដឹកបន្លែផ្សារនាគមាស មានអាសយដ្ឋាននៅភូមិច្រកត្រាច ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ចំណែកបុរសម្នាក់ទៀត ឈ្មោះ គីម សុផាត អាយុ ៥៧ឆ្នាំ មុខរបរជាអ្នកដឹកបន្លែផ្សារនាគមាស មានអាសយដ្ឋាននៅ ភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ជាមួយគ្នានេះ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍បន្ថែមទៀត រដ្ឋបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ដូចដែលបានបញ្ជាក់ខាងលើ ពួកគាត់ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅ«មន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង» ព្រមទាំងត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ ក្នុងការតាមដានសុខភាពរបស់ខ្លួន។
ក្នុងករណីនេះ បើសិនប្រជាពលរដ្ឋណា មានការប្រែប្រួលសុខភាព ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមមេត្តាទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១២ ៩៨៥ ៦៨៩ ឬ ០៨៨ ៥៩៨ ៤៤៩៦។
ទន្ទឹមនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏សូមថ្លែងអំណរគុណដល់ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបុគ្គលិកសុខាភិបាលដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមសហការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលមេរោគកូវីដ-១៩ ចូលទៅក្នុងសហគមន៍ នៅខេត្តកំពង់ស្ពឺ ដោយចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕