ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌបឹងកេងកង បានជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណជន ពិសេសអាជីវករទាំងអស់ដឹងថា អាជ្ញាធរសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្ននូវ «មូលដ្ឋានផ្សារអូឡាំពិក» ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រយៈពេល ១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញចូល ក្នុងទីតាំង«ផ្សារអូឡាំពិក»។
ចំពោះមុខរដ្ឋបាលខណ្ឌបឹងកេងកង សូមផ្អាកដំណើរការជាបណ្តោះអាសន្ននៃ«ផ្សារអូឡាំពិក»នេះ គឺដោយអាស្រ័យដោយស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានអាជីវករ និងប្រជាពលរដ្ឋ បានឆ្លងវីរុសកូវីដ-១៩ ក្នុង "ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ" ដែលស្ថានភាពនេះ បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស គួរឱ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការ សុខាភិបាល ដើម្បីទប់ស្កាត់ជាបន្ទាន់ ។
ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌបឹងកេងកង បានអំពាវនាវដល់បងប្អូនអាជីករ សន្តិសុខ បុគ្គលិក កម្មករ បម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញចូលផ្សារខាងលើ គិតចាប់ពី«ថ្ងៃ០៨ ខែមេសា ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១» បើមានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយ មានការសង្ស័យថាឆ្លងវីរុសកូវីដ-១៩ សូមអញ្ជើញមកយកសំណាកតេស្តរកមេរោគកូវីដ-១៩ ជាបន្ទាន់ នៅបរិវេន«សាលមហោស្របចេនឡា» ព្រមទាំងអនុវត្តន៍វិធានការចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវបំផុត។
អាជ្ញាធរនៃរដ្ឋបាលខណ្ឌបឹងកេងកង សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ពិសេសអាជីវករទាំងអស់ ដែលកំពុងប្រកបអាជីវកម្មក្នុងមូលដ្ឋានផ្សារអូឡាំពិក មានការយោគយល់ និងចូលរួមអនុវត្តន៍នូវសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាព៕