ភ្នំពេញ៖ យោងតាមការប្រកាសកម្រិតហានិភ័យរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ១៩ គឺជាអ្នកប្រមូលសេវាថ្លៃសំរាមប្រចាំថ្ងៃ ពីអ្នករត់រថយន្តឈ្នួល នៅទីតាំងទីស្នាក់ការ «ចំណតរថយន្តផ្សារដើមគ» គិតចាប់ពីថ្ងៃទី០៥ មេសា ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ ហេតុនេះ អ្នកដែលដឹងថា ខ្លួនថាពាក់ព័ន្ធនឹងករណីនេះនៅទីតាំង «ចំណតរថយន្តផ្សារដើមគ» សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ «តាមដានសុខភាព»របស់ខ្លួនរយៈពេល ១៤ថ្ងៃ។
ករណីនេះ អាជ្ញាធរ ខិតខំអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជា «អ្នករត់រថយន្តឈ្នួល»ទាំងអស់ និងអ្នកពាក់ព័ន្ធទាំងអស់ជាមួយអ្នកប្រមូលសេវាថ្លៃសំរាមប្រចាំថ្ងៃពីអ្នករត់រថយន្តឈ្នួលខាងលើ ឬមានជាប់ពាក់ព័ន្ធនឹងកន្លែងទីស្នាក់ការ «ចំណតរថយន្តផ្សារដើមគ» ចាប់ពីថ្ងៃទី០៥ មេសា ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់«តាមដានសុខភាព»របស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។
ជាមួយគ្នានេះដែរ បើមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យខេត្តដែលនៅជិតបំផុតដូចជា នៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត សាលាបឋមសិក្សា«សុភមង្គល» (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន), វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ, ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន, ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣, មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ឱ្យបានលឿនតាមដែលអាចធ្វើបាន ហើយសម្រាប់ពត៌មានបន្ថែម សូមទាក់ទងលេខ ១១៥។
គួររំលឹកថា អ្នកដែលស្ម័គ្រចិត្តទៅធ្វើតេស្ត សូមកុំភ្លេចភ្ជាប់អត្តសញ្ញាណបណ្ឌផ្ទាល់ខ្លួនទៅជាមួយផង និងពាក់ម៉ាសជាប្រចាំ បន្ទាប់ពីអញ្ជើញទៅធ្វើតេស្តសុខភាពរួចរាល់ហើយ សូមបន្តធ្វើការផ្ដាច់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕