ភ្នំពេញ៖ យោងតាមគណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក នៅថ្ងៃទី២១ ខែមេសា នេះ បានឱ្យដឹងថា រដ្ឋបាលខណ្ឌបឹងកេងកង បានអំពាវនាវដល់ក្រុមអាជីវករនៅ«ផ្សារអូឡាំពិក»ទាំងអស់ ទៅយកសំណាក រកមេរោគកូវីដ-១៩ នៅ«រោងភាពយន្តសម្ដែងវិចិត្រសិល្បៈចេនឡា» ក្នុងទំនួលខុសត្រូវ និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ផ្សារនានានៅក្នុងប្រទេស។
ការអំពាវនាវរបស់អាជ្ញាធរឱ្យ«អាជីវករផ្សារអូឡាំពិកទាំងអស់»ទៅយកសំណាករកមេរោគកូវីដ-១៩ នេះ ក្នុងគោលបំណង ដើម្បីបញ្ជាក់ថា ក្រុមអាជីវករនៅផ្សារអូឡាំពិក មិនមានវិជ្ជមានកូវីដ-១៩ នៅពេលដែលផ្សារបេីកដំណើរការឡើងវិញ។
ជាមួយគ្នានេះ គណៈកម្មការគ្រប់គ្រងផ្សារ សង្ឃឹមថា បងប្អូនអាជីវករទាំងអស់ នឹងចូលរួមទៅពិនិត្យយកសំណាករកមេរោគកូវីដ-១៩ នៅ«រោងភាពយន្តសម្តែងវិចិត្រសិល្បៈចេនឡា» ឱ្យបានគ្រប់ៗគ្នា ដោយបញ្ជាក់ពីអាសយដ្ឋានបច្ចុប្បន្ នដែលខ្លួនកំពុងរស់នៅឱ្យបានច្បាស់លាស់ ជូនក្រុមគ្រូពេទ្យ សម្រាប់ពិនិត្យយកសំណាក។
ផ្ទុយទៅវិញ ក្នុងករណីដែលអាជ្ញាធរ ពិនិត្យឃើញថា បងប្អូនក្រុម «អាជីវករណាមួយនៅផ្សារអូឡាំពិក» ខកខាន ឬគេចវេះមិនបានយកសំណាករកមេរោគកូវីដ-១៩ ហើយអាជ្ញាធរ ពិនិត្យទៅមានពាក់ព័ន្ធជាមួយអាជីវករលក់ដូរនៅផ្សារអូឡាពិក ដែលមានផ្ទុកមេរោគវីដ-១៩នោះ នៅពេលដែលអាជ្ញាធរ បើកដំណើរការ«ផ្សារអូឡាំពិក» ឡើងវិញ អាជ្ញាធរ នឹងមិនអនុញ្ញាតបុគ្គលនោះ ឬក្រុមអាជីវករនោះ ប្រកបរបស់អាជីវកម្មលក់ដូរនៅក្នុងផ្សារឡើយ។
ដូចដែលបានបញ្ជាក់ខាងលើ រដ្ឋបាលខណ្ឌបឹងកេងកង សង្ឃឹមយ៉ាងមុតមាំថា «បងប្អូនអាជីវករទាំងអស់» នឹងចូលរួមទៅពិនិត្យយកសំណាករកមេរោគកូដ-១៩ គ្រប់ៗគ្នាដោយទំនួលខុសត្រូវខ្ពស់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកាចសាហារកូវីដ-១៩នេះ។