ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២១មេសានេះ បានឱ្យដឹងថា ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ជនជាតិខ្មែរចំនួន ០៥នាក់ រួមមាន៖ បុរសឣាយុ ៣៣ឆ្នាំ, ស្រ្តីឣាយុ ៦៦ឆ្នាំ , បុរសឣាយុ ៦៣ឆ្នាំ , ស្រ្តីឣាយុ ៥២ឆ្នាំ និងស្រ្តីឣាយុ ៦១ឆ្នាំ ទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅកម្ពុជា ជាករណីទី៥០ , ទី៥១ , ទី៥២ , ទី៥៣ និងទី៥៤ ។
ជាក់ស្ដែង យោងតាមរបាយការណ៍ពី«មន្ទីរពេទ្យហ្លួងម៉ែ» បានឱ្យដឹងថា បុរសជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ រស់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចូលសម្រាកពេទ្យ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ យប់ម៉ោង៩ និង៥១នាទី បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ជាមួយស្ថានភាពក្អក ហត់ខ្លាំង។ ដោយការវិវត្តរបស់ជំងឺពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរឡើងៗ រួមជាមួយស្ថានភាពហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស យ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផង ក៏នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ព្រឹកម៉ោង៧ និង៣០នាទី។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យគឺ បុរសជនជាតិខ្មែរអាយុ ៣៣ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិ ផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩ ។
យោងតាមរបាយការណ៍ពី«មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ» បានឱ្យដឹងថា ស្រ្តីជនជាតិខ្មែរអាយុ ៦៦ឆ្នាំ រស់នៅខេត្តព្រះសីហនុ បានចូលសម្រាកពេទ្យ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ល្ងាចម៉ោង៦ និង៣០នាទី ស្ថិតក្នុងស្ថានភាពហត់ដង្ហក់ខ្លាំង តម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះបន្ទាន់ និងប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមភ្លាមៗ ជាករណីសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាកធ្វើការវិភាគ ជាលទ្ធផលអ្នកជំងឺមានវិជ្ជមានកូវីដ-១៩។ ដោយសារអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរពេក គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១១ ម៉ោង៥ និង០០នាទី។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យគឺ ស្ត្រីជនជាតិខ្មែរអាយុ ៦៦ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវ ដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរុសកូវីដ-១៩ ។
ចំណែករបាយការណ៍ពី«មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត» បានឱ្យដឹងថា មានបុរសជនជាតិខ្មែរអាយុ ៦៣ឆ្នាំ រស់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានប្រវត្តិក្តៅខ្លួន ហត់ខ្លាំង មានជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមប្រចាំកាយ។ អ្នកជំងឺបានចូលមក«មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត» នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ យប់ម៉ោង៩ និង២៥នាទី ពេលមកដល់ក្រុមគ្រូពេទ្យបានពិនិត្យឃើញភ្លាមៗថា គាត់បានស្លាប់បាត់បង់ជីវិត មុនចូលដល់មន្ទីរពេទ្យ ជាករណីសង្ស័យសពត្រូវបានយកសំណាកធ្វើការវិភាគ ដោយទទួលបានលទ្ធផលបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩។ ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ បុរសជនជាតិខ្មែរអាយុ ៦៣ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិត ដោយសារជំងកូរឹង ១៩ លើអ្នកជំងឺទឹកនោមផ្អែមប្រចាំកាយ ហើយស្លាប់មុនពេលចូលដល់មន្ទីរពេទ្យ។
ជាមួយគ្នានេះ របាយការណ៍មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដដែល បានឱ្យដឹងថា ស្រ្តីជនជាតិខ្មែរអាយុ ៥២ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចូលសម្រាកពេទ្យ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ៣ និង១៥នាទីទៀបភ្លឺ ក្នុងស្ថានភាពក្តៅខ្លួនហត់ខ្លាំង តម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗ តាមលក្ខណៈបច្ចេកទេស រួមទាំងប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ព្រមទាំងយកសំណាក ធ្វើការវិភាគហើយជាលទ្ធផលសំណាកបានបញ្ជាក់ថា មានវិជ្ជមានកូវីដ-១៩។ ដោយការវិវត្តិរបស់ជំងឺចេះតែធ្ងន់ធ្ងរឡើងៗ ក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១ដដែល វេលាម៉ោង ៦ និង០០នាទីព្រឹក។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យគឺ ស្ត្រីជនជាតិខ្មែរអាយុ ៥២ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារ វិបត្តិផ្លូវដង្ហើម ស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងខាងដោយសារវីរុសកូវីដ-១៩ ។
របាយការណ៍នៃករណីស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មួយទៀត បានឱ្យដឹងថា មានស្រ្តីជនជាតិខ្មែរអាយុ ៦១ឆ្នាំ រស់នៅស្រុកអង្គស្នួល ខេត្តកណ្តាល បានចូលសម្រាកពេទ្យ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ យប់ម៉ោង ៨ និង០០នាទី ក្នុងស្ថានភាពក្តៅខ្លួន ហត់ខ្លាំង និងមានជំងឺទឹកនោមផ្អែម ប្រចាំកាយ បន្ទាប់ពីទទួលបានលទ្ធផលបញ្ជាក់ថាមានវិជ្ជមានកូវីដ-១៩ ។ ដោយការវិវត្តរបស់ជំងឺ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែធ្ងន់ធ្ងរឡើងៗ ហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះភ្លាមៗតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង ប៉ុន្តែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ល្ងាចម៉ោង៤ និង៥០នាទី។ ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យគឺ ស្ត្រីជនជាតិខ្មែរអាយុ ៦១ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើម ស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងខាងដោយសារវីរុសកូវីដ-១៩ លើអ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ និងសាធារណជន ចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទី បំផុតជាមួយក្រុមគ្រួសារនៃសព៕