ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានឯកភាពប្រគល់ការងារជូនក្រសួងការបរទេសកម្ពុជា និងស្លូវ៉ានី ដើម្បីពិនិត្យ និងសហការគ្នាធ្វើយ៉ាងណារៀបចំការលើកលែងទិដ្ឋាការសម្រាប់អ្នកការទូត និងសម្រាប់អ្នកធ្វើដំណើរផ្លូវការរវាងប្រទេសទាំងពីរ។
ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ានី កាលពីថ្ងៃម្សិលមិញនេះ សម្ដេច ហ៊ុន សែន បានឯកភាពគ្នា ក្នុងការពង្រឹង ពង្រីក និងកិច្ចសហប្រតិបត្តិការ លើវិស័យដែលមានសក្តានុពលសម្រាប់ប្រទេសទាំងពីរ រួមមានវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ វិស័យសុខាភិបាល និងវិស័យដទៃទៀត។
សម្ដេចថ្លែងបន្តថា ក្នុងជំនួបរវាងប្រទេសទាំងពីរនេះ នឹងមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាងប្រទេសទាំងពីរផង ដើម្បីជំរុញការងារនេះឱ្យទទួលបានជោគជ័យ ដោយសម្ដេចនឹងទៅទស្សនកិច្ចនៅរដ្ឋស្លូវ៉ានីនៅឆ្នាំក្រោយ។
ទន្ទឹមនឹងនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឯកភាពគ្នាប្រគល់ការងារជូនក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីពិនិត្យ និងសហការគ្នា ធ្វើយ៉ាងណារៀបចំការលើកលែងទិដ្ឋាការសម្រាប់អ្នកការទូត និងសម្រាប់អ្នកធ្វើដំណើរផ្លូវការរវាងប្រទេសទាំងពីរ។
សូមជម្រាបជូនថា ក្នុងក្របខ័ណ្ឌពហុភាគី ក្នុងនាមជាប្រធានអាស៊ាន និងប្រធានប្ដូរវេននៃសហភាពអឺរ៉ុប សម្ដេចតេជោ និង ឯកឧត្តម Janez Jansa បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងជំងឺ Covid-19 ជំរុញកិច្ចចរចាពាណិជ្ជកម្មសេរីអាស៊ាន និងអឺរ៉ុប និងសហការធ្វើយ៉ាងណាឲ្យដំណើរការកិច្ចប្រជុំអាស៊ាននាពេលខាងមុខ ទទួលបានជោគជ័យ។