Cctimesw1140xh150cm copy

នៅខេត្តស្វាយរៀងមាន«អ្នកវិជ្ជមានកូវីដចំនួន២នាក់»នៅភូមិបាវិតកណ្តាល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ស្វាយរៀង៖ សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង ដោយយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង ក៏ដូចជាសាធារណជន ឱ្យបានដឹងថា មាន«អ្នកជំងឺកូវីដ-១៩ ចំនួន ០២នាក់» មានបុរសម្នាក់ និងស្រ្តីម្នាក់់ ដែលមានអាសយដ្ឋាននៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១កន្លងទៅ ក្រុមការងារបានយកវត្ថុវិភាគសំណាកអ្នកមានរោគសញ្ញាចូលក្នុងនិយមន័យសង្ស័យថា មានជំងឺកូវីដ-១៩ នៅអតីតយានដ្ឋាន«Mr.SO» ក្រុងបាវិត ដើម្បីធ្វើតេស្តរកកូវីដ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយទទួលបានលទ្ធផលថា វិជ្ជមានជំងឺកូវីដ-១៩ ក្នុងនោះមានអ្នកជំងឺចំនួន ០២នាក់ ដែលម្នាក់ជាបុរសឈ្មោះ អៀម គីមហុង អាយុ ៣៣ឆ្នាំ នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត និងម្នាក់ទៀតជាស្រ្តី ឈ្មោះ គឹម វ៉ាន់ដា អាយុ ៣៣ឆ្នាំ នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត។ បច្ចុប្បន្នអ្នកជំងឺទាំងពីរខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅ«មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល»។ 

សម្រាប់«អ្នកប៉ះពាល់ផ្ទាល់»នឹងអ្នកជំងឺទាំងពីរនាក់ខាងលើ មានចំនួន ០៨នាក់ ហើយកំពុងរង់ចាំក្រុមការងារយកវត្ថុវិភាគសំណាក និងដាក់ធ្វើចត្តាឡីស័កនៅផ្ទះ ដើម្បីតាមដានសុខភាពបន្ត។ ជាមួយគ្នានឹងទីតាំងដែលពាក់ព័ន្ធ គឺស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត មានដូចជា ១) ផ្សារតាពៅ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត។ ២) ផ្សារតាបឹប ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត។ 

ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍ រដ្ឋបាលខេត្តស្វាយរៀង បានធ្វើការអំពាវនាវដល់បណ្ដាអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ទាំងពីរ និងទីតាំងដែលបានរៀបរាប់ដូចខាងលើ រាប់គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ប្រសិនបើមានអាការខុសប្រក្រតី ដូចជា ក្តៅខ្លួន, ក, កណ្តាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាកដែលមានទីតាំងនៅ «អតីតយានដ្ឋាន Mr.SO» ទីតាំងនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ឬរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬក្រុមការងារ ០៩៧ ៥០៣ ៤៥៦៧/០៤៤ ៧១២ ៥២២ ដោយចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូវីដ ស្វាយរៀង
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង