ភ្នំពេញ៖នៅក្នុងរយៈពេល៤យប់នៃការអនុវត្តបម្រាមគោលចរ សមត្ថកិច្ចរាជធានីភ្នំពេញ បានឃាត់យានយន្តសរុប ១៧៤គ្រឿង។នេះបើយោងតាមរបាយការណ៍ដែលចុះផ្សាយដោយអគ្គស្នងការនគរបាលជាតិ។
អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា បន្ទាប់កម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចាប់ផ្តើមអនុវត្តបម្រាមគោចរ សមត្ថកិច្ចរាជធានីភ្នំពេញ បានឃាត់យានយន្តសរុប ១៧៤គ្រឿង ក្នុងនោះ ម៉ូតូ ១៤៦គ្រឿង និងរថយន្ត ២៨គ្រឿង នៅយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ រហូតមកដល់រយៈពេល៤យប់នៃការអនុវត្តបម្រាមគោលចរ ។ ដោយឡែកនៅយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចឃាត់បានម៉ូតូ ៨គ្រឿង និងរថយន្ត ១គ្រឿង។
គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់បម្រាមគោចររយៈពេល២សប្តាហ៍ក្នុងរាជធានីភ្នំពេញ។ បម្រាមនេះ គឺហាមរាល់ការធ្វើដំណើរបណ្តោះអាសន្នចាប់ពីម៉ោង ៨:០០នាទីយប់ ដល់ម៉ោង ៥:០០នាទីភ្លឺ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។
ក្នុងបម្រាម គឺបិទកន្លែងលក់អាហារកន្លែងផឹកស៊ីគ្រប់ប្រភេទ ផ្អាកការជួបជុំហូបចុកផឹកស៊ី ចន្លោះពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ។ផ្អាកចរាចរណ៍ទាំងអស់ពីចន្លោះម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ៕