ភ្នំពេញ៖ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន លើកឡើងថា វីរុស១៩ រីករាយនឹងចាប់ដៃជាមួយអ្នកដែលមានផ្ទុកមេរោគស្រាប់នៅក្នុងខ្លួន ដែលជាមួលហេតុធ្វើអោយកូវីដ១៩ វាយលុកដោយសេរី។ នេះបើតាមការលើកឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាព ជំងឺរលាកសួត បង្កដោយវីរុសកូវីដ១៩» និង «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង»នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យនៃក្រសួងសុខាភិបាល ក្នុងសន្នសីទការសែត ក្នុងថ្ងៃ១៨ មីនា នេះបញ្ជាក់ថា អ្នកមានជំងឺផ្ទុករួចជាស្រេច ជាកត្តាងាយនឹងឆ្លងបំផុតពីកូវីដ១៩ ដោយអ្នកទាំងនោះសុទ្ធតែមានជំងឺក្នុងខ្លួនរួចហើយ រួមមាន លើសឈាម របេង រលាកសួត លើសឈាម មហារីក នឹងជំងឺផ្សេងៗទៀត ទាំងនេះហើយដែលជាកត្តាងាយបំផុតសម្រាប់វីរុសកូវីដ១៩ ចូលមកវាយលុកសុខភាព របស់យើងដោយសេរី។
លោកស្រី បន្តថា វីរុស១៩ រីករាយបំផុតក្នុងការចាប់ដៃជាមួយអ្នកដែលមានផ្ទុកមេរោគរួចជាស្រេច។ ប៉ុន្តែ សម្រាប់អ្នកដែលមានសុខភាពមាំទាំ ដែលមានវ័យចន្លោះពី២០ក្រាស ដល់៤០ក្រាស កូវីដ១៩មិនងាយនិងវាយប្រហារបាននោះទេ ព្រោះជាវ័យដែលមានកំលាំងមាំមួន។
លោកស្រី បញ្ជាក់ជាថ្មីថា ក្រសួងនៅតែបន្តវិធានការដល់ពលរដ្ឋទាំងអស់ អោយរួមគ្នាទប់ស្កាត់ និងចូលរួម ការពារ រក្សាអនាម័យ ក្នុងការរស់នៅ និងអនាម័យផ្ទាល់ខ្លួន ដើម្បីកុំអោយមានការរីករាលដាលនៅវីរុសកូវីដ ដោយអនុវត្តតាមវិធានការ និងសេចក្តីណែនាំរបស់ក្រសួង អោយបានគ្រប់គ្នា៕