បាត់ដំបង ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីស្រវឹងស្រា ហើយបានចូលទៅបង្កអំពើហិង្សាក្នុងមណ្ឌលចត្តាឡីស័កដោយបានវាយទៅលើកងកម្លាំងយាមប្រចាំការនៅទីនោះ ហើយត្រូវនគរបាលស្រុកថ្មគោលឃាត់ខ្លួនបានសម្រេច។
យោងតាមការផ្សាយរបស់គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ហេតុការណ៍នៃការចូលបង្កហិង្សាដោយបុរសម្នាក់ស្រវឹងស្រាជាជនសង្ស័យខាងលើនោះ បានកើតឡើងនៅល្ងាចម៉ោង៥ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចក្នុងបរិវេណសាលាវិទ្យាល័យថ្មគោល(មណ្ឌលចត្តាឡីស័ក) ។
តាមរយៈនគរបាលស្រុកថ្មគោល បានរាយការណ៍ប្រាប់អគ្គស្នងការដ្ឋាននគរបាលជាតិថា ជនសង្ស័យ ឈ្មោះ ផែ គឹមសែន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល បានផឹកស្រាហើយស្រវឹង ចូលទៅក្នុងបរិវេណមណ្ឌលចត្តាឡីស័ក«សាលាវិទ្យាល័យថ្មគោល»ក្នុងខេត្តបាត់ដំបង ដោយគ្មានការអនុញ្ញាត ពេលកម្លាំងប្រចាំការហាមឃាត់ជនសង្ស័យ ក៏បានវាយទៅលើកងកម្លាំងយោធាឈ្មោះ អ៊ុម សំខាន់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិទំពូងជើង ឃុំតាម៉ឺន ស្រុកថ្មគោល ចំនួន០១ដៃ បណ្តាលអោយរងរបួសត្រង់ថ្ពាល់ខាងឆ្វេង។
គួរកត់សម្គាល់ថា បច្ចុប្បន្ននេះ សមត្ថកិច្ចនគរបាលស្រុក កំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីអនុវត្តបន្តទៅតាមផ្លូវច្បាប់៕