ខេត្តកែប៖ យោងតាមរដ្ឋបាលខេត្តកែប នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ បានជូនដំណឹងដល់សាធារណជនថា អាជ្ញាធរបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ដែលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ ការឆ្លងនេះជាករណី២សម្រាប់ខេត្តកែបរូបនេះ ឈ្មោះ អ៊ុន រិទ្ធី ភេទប្រុស អាយុ ២១ឆ្នាំ មានស្រុកកំណើត នៅភូមិត្រពាំងល្ពៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មកធ្វើជាកម្មករស្ថាបនាផ្លូវ នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
រដ្ឋបាលខេត្តកែប បានបញ្ជាក់ពីប្រវត្តិអ្នកផ្ទុកកូវីដ-១៩ ថា បុរសខាងលើនេះ ជាកម្មករផ្សាដែក នៅផ្សារ ថ្នល់ទទឹង ខេត្តកំពង់ស្ពឺ ហើយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានធ្វើដំណើរទៅដល់ការដ្ឋានស្ថាបនាផ្លូវ នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដោយជិះរថយន្ត ០១គ្រឿងមានមនុស្សចំនួន ០៤នាក់ (ជនជាតិចិន ០២នាក់ និងជនជាតិខ្មែរ ០២នាក់) មកស្នាក់នៅ និងធ្វើការងារជាជាងផ្សាដែក នៅការដ្ឋានស្ថាបនាផ្លូវ ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ក្រុមការងារឆ្លើយតបបន្ទាន់ បាននាំយកបុគ្គលទាំង០៤នាក់ខាងលើនេះ ទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្ត និងយកសំណាកវិភាគ ទទួលលទ្ធផលអវិជ្ជមាន។ រហូតមកដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ យកសំណាកវត្តវិភាគលើកទី២ ទទួលលទ្ធផលវិជ្ជមាន ចំនួន ០១នាក់ គឺ ឈ្មោះ អ៊ុន រិទ្ធី បច្ចុប្បន្នបុគ្គលវិជ្ជមាននេះ ត្រូវបានបញ្ជូនទៅសម្រាក និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកែប។
គួររំលឹកថា ការដ្ឋានស្ថាបនាផ្លូវ ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ជាទីតាំងដែលបុរសវិជ្ជមានកូវីដបានទៅដល់ និងប៉ះពាល់ផ្ទាល់ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០២១ ដោយមិនបានចេញពីការដ្ឋាននេះឡើយ។
ជាមួយគ្នាដែរ រដ្ឋបាលខេត្ត បានអំពាវនាវដល់ចំពោះអ្នកដែលប៉ះពាល់ដោយប្រយោលជាមួយបុរសឆ្លងកូវីដខាងលើ ទាំងផ្ទាល់ក្ដី ទាំងប្រយោលក្ដី ឬទីតាំងដែលបានបញ្ជាក់ខាងលើ សូមតាមដានសុខភាពរបស់ខ្លួន និងត្រូវធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅផ្ទះខ្លួនឯង សំដៅចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូដ-១៩ ក្នុងសហគមន៍។ ដោយប្រជាពលរដ្ឋទាំងឡាយ មានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ពិបាកដកដង្ហើម សូមធ្វើការទំនាក់ទំនងក្រុមការងារ តាមរយៈទូរស័ព្ទលេខ ០១៦ ៣៣៤ ៣៣៣ ឬ០១២ ៤៩៣ ៣១៤ ដើម្បីធ្វើតេស្តសំណាកឱ្យបានឆាប់បំផុត៕