ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីប្រកាសព័ត៌មានដល់សាធារណជន ជាពិសេសអ្នករស់នៅទីតាំងមួយចំនួនក្នុងឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានដឹងថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ លើស្ត្រីជនជាតិខ្មែរវ័យ៧៤ឆ្នាំម្នាក់ មានអាសយដ្ឋាននៅ ភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានមកលេងផ្ទះកូនខ្លួន នៅភូមិពោធិរោងលិច ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
បើតាមការអះអាងរបស់រដ្ឋបាលខេត្ត បានប្រាប់ប្រវត្តិរបស់អ្នកជំងឺកូវីដស្រ្តីវ័យ៧៤ឆ្នាំខាងលើថា មុនឆ្លងជំងឺកូវីដ-១៩ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ស្រ្តីវ័យ៧៤ឆ្នាំ បានមកលេងផ្ទះកូននៅភូមិពោធិ រោងលិច ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅថ្ងៃបន្ទាប់ គាត់បានចូលរួមពិធីសូត្រមន្តឡើងផ្ទះរបស់ឈ្មោះ ឆេង ហាង នៅភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២១ កូនបានជូនគាត់ត្រលប់មកផ្ទះនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមវិញ។
នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ដោយស្រ្តីខាងលើមានអាការៈមិនស្រួលខ្លួន ក៏ត្រូវបានកូនទៅទទួលគាត់ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មកស្នាក់នៅផ្ទះកូន នៅភូមិពោធិ រោងលិច ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ថ្ងៃបន្ទាប់ទៀត គាត់ចូលទៅពិនិត្យសុខភាព នៅ«មន្ទីរសម្រាកព្យាបាល និងសម្ភពផ្សារស្ទឹង» ស្ថិតនៅភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រួចក៏បន្តដំណើរទៅព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។ រហូតដល់ថ្ងៃទី២៧ ខែមីនា លទ្ធផលសំណាករបស់ស្រ្តីវ័យ៧៤ឆ្នាំរូបនេះ គឺរកឃើញវិជ្ជមានកូវីដ-១៩ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត ក៏បាននឹងកំពុងចាត់វិធានការស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្វី ដែលពាក់ព័ន្ធក្នុងករណីនេះជាបន្តបន្ទាប់ទៀត ក្នុងន័យចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»នេះ កាន់តែរីករាលដាលធំឡើងៗ។
គួរកត់សម្គាល់ថា ចំនួនបឋម ២២នាក់ បានប៉ះពាល់ជាមួយស្រី្តវិជ្ជមានកូវីដ-១៩ខាងលើ ក្នុងនោះអ្នកប៉ះពាល់ផ្ទាល់ ០៨នាក់ និងដោយប្រយោល ១៤នាក់។ ចំណែក០៣ទីតាំងដែលពាក់ព័ន្ធគឺ ១/ផ្ទះកូនរបស់ស្រ្តីវិជ្ជមានកូវីដ នៅភូមិពោធិរោងលិច ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ២/ មន្ទីរសម្រាកព្យាបាល និងសម្ភពផ្សារស្ទឹង ស្ថិតនៅភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្ត ត្បូងឃ្មុំ និង ៣/ បរិវេណជុំវិញ និងខាងក្នុងផ្សារស្ទឹង ស្ថិតនៅភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលទាំងអស់ ត្រូវទៅយកសំណាកនៅគ្រប់មន្ទីរពេទ្យក្នុងខេត្តត្បូងឃ្មុំ។ បើសិនមានករណីបងប្អូនប្រជាពលរដ្ឋណា មានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ករ ថប់ដង្ហើម ឬរោគសញ្ញាសសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលបងប្អូនរស់នៅ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់។
រដ្ឋបាលខេត្តត្បូងឃ្មុំ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងឡាយ ចូលរួមអនុវត្តតាមសេចក្តីប្រកាសព័ត៌មាននេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ» និង «៣កុំ» ដោយឡែក ចំពោះអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ខាងលើ ត្រូវ តែអនុវត្តឱ្យម៉ឺងម៉ាត់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខភិបាល ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺកូវីដមួយនេះ៕