ភ្នំពេញ៖ ស្ត្រីជនជាតិខ្មែរម្នាក់ទៀតហើយ អាយុ ៧៦ឆ្នាំ រស់នៅភូមិ២ ឃុំព្រែក ខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង បានស្លាប់បាត់បង់ជីវិត នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៧:០៥នាទីយប់ ដោយសារជំងឺកូវីដ-១៩។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ផ្សាយនៅថ្ងៃ២៨មីនានេះ។
ក្រសួងបានបញ្ជាក់ពីករណីស្លាប់ខាងលើនេះ ដោយសារជំងឺកូវីដ-១៩ គឺដំបូងឡើយ ស្ត្រីខាងលើត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ នឹងត្រូវបានដាក់ឱ្យសម្រាកឱ្យព្យាបាលនៅមន្ទីរពេទ្យខេត្តព្រៃវែង រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺចាប់ផ្ដើមមានសភាពហត់ខ្លាំង ដែលតម្រូវឱ្យមន្ទីរពេទ្យខេត្តព្រៃវែងបញ្ជូនមកព្យាបាលបន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។ ទោះបីជាក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានខិតខំយកចិត្តទុកដាក់ព្យាបាលយ៉ាងក៏ដោយ រហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ អ្នកជំងឺនៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលតម្រូវឱ្យគ្រូពេទ្យប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម ដើម្បីជួយសង្គ្រោះអ្នកជំងឺ នៅតែមិនអាចជួយអ្នកជំងឺបាន ហើយអ្នកជំងឺក៏បានធ្វើមរណកាលទៅ នៅវេលាម៉ោង ០៧:០៥នាទីយប់ម្សិលមិញ។
បើតាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ប្រាប់ថា ស្ត្រីជនជាតិខ្មែរអាយុ ៧៦ឆ្នាំ ខាងលើនេះ បានស្លាប់បាត់បង់ជីវិតបណ្តាលមកពីវីរុសកូវីដ-១៩ ធ្វើឱ្យក្លាយជាវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវ និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរ។ ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលកម្ពុជា ក្រុមគ្រូពេទ្យ ក៏សូមធ្វើការចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារនៃសព៕