ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់មានការពាក់ព័ន្ធជាមួយអ្នកធ្វើការនៅ និងធ្លាប់ទៅទទួលសេវា ឬធ្វើការនៅទីតាំង«អគារ Exchange Square» នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ក្នុងចន្លោះម៉ោង៣រសៀល ដល់ម៉ោង០៤ និង៤០នាទីរសៀល គួរតែឆាប់ទៅធ្វើតេស្តសុខភាពរកមេរោគកូវីដ១៩ជាបន្ទាន់ ព្រោះជាទីតាំងដែលបានអាជ្ញាធររកឃើញមានករណីវិជ្ជមានកូវីដ-១៩ គឺហាង«CHICHA San Chen»សាខាអគារ Exchange Square ផ្លូវលេខ ៦១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមសេចក្ដីជូនដំណឹងដែលកើតមាននៅទីតាំងខាងលើ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានញ៉ាំអាហារនៅ«ហាង CHICHA San Chen» សាខាអគារ Exchange Square ផ្លូវលេខ ៦១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ក្នុងចន្លោះម៉ោង៣រសៀល ដល់ម៉ោង០៤ និង៤០នាទីរសៀល គួរទៅធ្វើតេស្តរកកូវីដឱ្យបានទាំងអស់គ្នា ហើយដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ប្រសិនបើមានអាការៈមិនស្រួលខ្លួន។
ជាមួយគ្នានេះដែរ បើមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យខេត្តដែលនៅជិតបំផុតដូចជា នៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ឱ្យបានលឿនតាមដែលអាចធ្វើបាន ហើយសម្រាប់ពត៌មានបន្ថែម សូមទាក់ទងលេខ ១១៥។
គួររំលឹកថា អ្នកដែលស្ម័គ្រចិត្តទៅធ្វើតេស្ត សូមកុំភ្លេចភ្ជាប់អត្តសញ្ញាណបណ្ឌផ្ទាល់ខ្លួនទៅជាមួយផង និងពាក់ម៉ាសជាប្រចាំ បន្ទាប់ពីអញ្ជើញទៅធ្វើតេស្តសុខភាពរួចរាល់ហើយ សូមបន្តធ្វើការផ្ដាច់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕