ភ្នំពេញ៖ នៅកម្ពុជា អំឡុងពេលមានការផ្ទុះនៃជំងឺ Covid-19 មានករណីកើតឡើងតាមបណ្ដាខេត្តមួយចំនួន និងនៅក្រុងភ្នំពេញមក ក្រសួងអប់រំបានប្រកាសចូលវិសមកាលមុនពេលកំណត់សម្រាប់គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន គ្រប់កម្រិតថ្នាក់សិក្សាទូទាំងប្រទេស។ ស៊ីស៊ីថាមស៍បានចុះសម្ភាសន៍អំពីចំណាប់របស់សិស្សានុសិស្ស និងឪពុកម្ដាយរបស់សិស្សានុសិស្សមួយចំនួននៅតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញដែលភាគច្រើននិយាយថា ការពារប្រសើរជាងព្យាបាល។
ភាពសប្បាយចិត្តលាយនឹងការព្រួយបារម្ភពីកូនដែលរៀននៅឯភ្នំពេញផងនោះ អ្នកស្រី លីម ស៊ីរ៉េត រស់នៅ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានរៀបរាប់ថា សុខភាពរបស់កូនប្រុសជាកត្តាចាំបាច់ជាងការសិក្សា បើសុខភាពមិនល្អ តើរៀនពូកែបានការអ្វី ហើយជួនកាលប៉ះពាល? ហេតុនេះ យើងត្រូវការពារប្រសើរជាងព្យាបាល។ ។ តែទោះបីកូនខាតរៀន ក្មេងរៀនមិនទាន់កម្មវិធីសិក្សា តែវាជារឿងល្អដែរ ព្រោះសាលាបានចាត់លក្ខខណ្ឌធ្វើកិច្ចការសាលានៅតាមប្រព័ន្ធអនឡាញ និងឆាតសួរគ្រូបន្ថែមនឹងការសិក្សានៅផ្ទះប្រកបដោយភាពវ័យឆ្លាតរៀងៗខ្លួន។
និស្សិតឆ្នាំទី១នៃសាលាតិចណូ ហេង ប៉េងគាង ជាកូនប្រុសរបស់អ្នកស្រីស៊ីរ៉េត និយាយថា ខ្ញុំយល់ស្របនៃការប្រកាសផ្អាកការសិស្សនៅតាមបណ្ដាសាលារៀនទូទាំងប្រទេស វាអាចបង្ការការឆ្លងជំងឺខូវីដ១៩នេះ ណាមួយវាជិតដល់ពេលវ៉ាកងដែរ។ សាលារៀនជាកន្លែងជួបជុំគ្នារវាងមនុស្សច្រើនជាពិសេសសិស្សៗ បើសិនមានសិស្សម្នាក់បានឆ្លងជំងឺនេះ វាអាចនឹងបន្តឆ្លងទៅសិស្សឯទៀតដោយងាយ និងយ៉ាងឥតដឹងខ្លួនផងដែរ។ ម្យ៉ាងវិញទៀត ខ្ញុំនឹកផ្ទះណាស់ ដល់ពេលនេះខ្ញុំអាចមកស្រុក មកលេងឪពុកម្ដាយបាន។ តែទោះជាបីសាលាឱ្យផ្អាកការសិក្សាមែន តែគ្រូនៅតែដាក់កិច្ចការសាលាតាមប្រព័ន្ធបណ្ដេញសង្គមអនឡាញ ដើម្បីឱ្យរៀនមិនទាន់កម្មវិធីសិក្សា។
អ្នកស្រី សេងហ័ង ជាម្ដាយរបស់ នេន ពិសិដ្ឋ រស់នៅ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និយាយថា គ្រប់ៗគ្នា សុទ្ធតែខ្លាចជំងឺ Covid-19 នេះខ្លាំងណាស់ ជាពិសេសនៅពេលបានដឹងថា វាបានវាយលុកតាមខេត្តមួយចំនួន និងក្រុងភ្នំពេញ។ ម្យ៉ាងវិញទៀត បើកូនៗចង់រៀនក៏គេបិទសាលា ទោះស្ដាយការសិក្សា ក្នុងនាមជាអាណាព្យាបាលគ្រប់រូបៗ គួរគិតពីសុវត្ថិភាពរបស់កូនយើងជាចម្បង ណាមួយសាលាជិតវ៉ាកងដែរហើយ បើខាតមេរៀន វាខាតបន្ដិចបន្ដួចតែប៉ុណ្ណោះ។
អ្នកស្រីដែលមានវ័យ៣៩ឆ្នាំរូបនេះ បន្ថែមថា អ្នកស្រីចង់ឱ្យកូនគាត់រៀនឱ្យបានច្រើន តែធ្វើយ៉ាងម៉េច Covid-19 មិនមែនជាជំងឺធម្មតាទេ។ ប្រហែល២ថ្ងៃហើយ ដែលកូនខ្ញុំបានត្រលប់មកផ្ទះវិញ អ្នកស្រីតែងតែប្រាប់កូនថា កូនមិនបានរៀននៅសាលា តែត្រូវរៀននៅផ្ទះឱ្យដូចនៅសាលា តែវាមិនដូចសម្ដីទាំងអស់ទេ កូនរបស់អ្នកស្រី ពេលរៀននៅសាលា វាលម្អិតជារៀននៅផ្ទះ នៅផ្ទះរៀនតាមតែចិត្ត គ្មានគ្រូណាមកដាក់កំហិតឡើយ។ អ្នកស្រី បន់ឱ្យតែជំងឺឆ្លងនេះបាត់បង់ទៅ ចេញពីពិភពលោកនេះទៅទេ ក្រែងកូនគាត់បានទៅរៀននៅសាលារៀនវិញ។
កុមារា លីម សេងថាយ រៀននៅថ្នាក់ទី៧ នៅសាលាវិទ្យាល័យហ៊ុនសែន ពាមជីលាំង នៅខេត្តត្បូងឃ្មុំថា «ខ្ញុំភ័យ ខ្ញុំខ្លាចជំងឺនេះណាស់។ ដោយគ្រាន់តែលឺថា នៅជិតភូមិខ្ញុំរស់នៅគឺ ភូមិទ្រា ឃុំកំពង់ទ្រាស មានឥស្លាមមួយចំនួនដែលបានទៅថ្វាយបង្គំប្រទេសម៉ាឡេស៊ី ហើយបានត្រលប់មកវិញ។ ហេតុនេះធ្វើឱ្យខ្ញុំមិនហ៊ានចេញដើរទៅណាឡើយ នៅតែផ្ទះ និងនៅជិតៗហ្នឹង។ ម៉ាក់ខ្ញុំតែងប្រាប់កុំទៅកន្លែងដែល ប្រជុំមនុស្សច្រើន»។
កុមារាមានអាយុ១៣ឆ្នាំរូបនេះ បន្ដថា «ពេលបិទសាលា ខ្ញុំគិតថា វាជាវិធីមួយល្អ ត្បិតតែសិស្សអត់រៀននៅសាលា តែគាត់នឹងរៀនខ្លួនឯងឱ្យបានច្រើននៅផ្ទះ ក៏ត្រូវឆ្លៀតជួយបេះម្ទេស លក់បន្លែ នៅមុខផ្ទះជំនួសឪពុកម្ដាយខ្ញុំនៅឯចំការ »។
នេន ពិសិដ្ឋ ជាសិស្សថ្នាក់ទី១០ នៃវិទ្យាល័យព្រះសីហនុ និយាយថា «សម្រាប់ខ្ញុំ នៅពេលបិទសាលារៀន វាជារឿងល្អផង និងមិនល្អផង ព្រោះអីខ្ញុំខំមើលមេរៀនឡើងយូរថ្ងៃដែរ តែសាលាបិទទាំងអស់ ហើយលែងប្រលង។ ក៏ប៉ុន្ដែខ្ញុំនឹកផ្ទះ ចង់មកផ្ទះយូរហើយ ដល់ពេលបិទសាលា ក៏សប្បាយចិត្តពន់ពេក បានមកជួយម៉ែលក់អីវ៉ាន់ យ៉ាងហោចណាស់ខ្ញុំក៏យកសៀវភៅមកដោយស្វ័យសិក្សា ពេលឆ្ងល់តេសួរគ្រូតាមទូរសព្ទ ពួកគាត់បើកទូលាយក្នុងការសួរមេរៀន »។
លីម សុខឃី ជាសិស្សម្នាក់នៃសាលាឯកជនមួយ (Future Bright international school) និងរៀននៅសាលា ACE សាខាខេត្តសៀមរាប បានអះអាងថា ចាប់តាំងពីពេលផ្អាកការសិក្សានៅថ្ងៃ៩ខែមីនារហូតបច្ចុប្បន្ននេះ វាជាបញ្ហារបស់សិស្សជាច្រើន ព្រោះអីវាជាពេលវេលាជិតប្រលង ហើយសិស្សម្នាក់ៗ អាចនឹងភ្លេចមេរៀន បើសិនពួកគាត់មិនរំលឹកមេរៀននោះទេ។
សុខឃី បានប្រាប់ថា «ដើម្បីដោះស្រាយបញ្ហានេះ សាលា និងប៉ាម៉ាក់របស់ខ្ញុំ តែងតែណែនាំឱ្យស្វ័យសិក្សាដោយខ្លួនឯង ពេលឆ្ងល់មេរៀនលំហាត់នីមួយៗ ចាំតែងតែតេ ឬឆាតសួរគ្រូ មិត្តភក្តិ ឬបងប្អូន ដោយយកចិត្តទុកដាក់ជាងមុន កុំឱ្យប្រើពេល ទំនេរឥតប្រយោជន៍បើទៅចុចហ្គេម ឬដើរលេងនៅកន្លែងមនុស្សច្រើន ដែលបង្កហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺ Covid-19 យ៉ាងងាយ »។
ក្រឡេកទៅមើល កញ្ញា ឈៀវម៉េង ជាបុគ្គលិកនៅធនាគារមួយកន្លែងប្រាប់ថា កូនសិស្សខ្លះបានទៅស្រុកកំណើតវិញ មុននឹងមានការប្រកាសបិទសាលារៀនមកម៉្លេះ មូលហេតុព្រោះម្ដាយឪពុកពួកគេតេឱ្យទៅផ្ទះ អ្នកខ្លះរៀនតែមួយមុខ ពួកគាត់អាចទៅផ្ទះបាន។ តែអ្នកខ្លះវិញមិនអាចទៅផ្ទះបាន ក៏ព្រោះតែបិទតែសាលា តែកន្លែងធ្វើការមិនផ្អាកឡើយ ហេតុនេះមិនអាចទៅស្រុកកំណើតឡើយ បើសិនពួកគាត់ទៅ មានតែពួកគាត់មានប្រាក់ចំណូលប្រចាំថ្ងៃឡើយ។
បន្ថែមពីលើនេះទៀត កញ្ញាឈៀវម៉េង គិតថា វាល្អដែរ គឺការពារប្រសើរជាងព្យាបាល ព្រោះជំងឺនេះ មើលមិនឃើញឡើយ ទាល់តែកើតទើបដឹង។ ជាពិសេស ក្មេងតូចៗ អាចជាងាយឆ្លងជាងក្មេងធំ ពួកគាត់មិនដូចសិស្សធំៗឡើយ សិស្សធំៗ ដឹងពីរបៀបការថែទាំសុខភាព លាងដៃ ។ ហេតុនេះ ក្រសួងប្រកាសផ្អាកការសិក្សាគ្រប់បណ្ដាគ្រឹះស្ថានសិក្សាទូទាំងប្រទេសពិតជាមធ្យោបាយល្អប្រសើរ ដើម្បីបញ្ចៀសជំងឺ Covid-19 នេះ។
កញ្ញារូបនេះ បានអះអាងថា វិធីដើម្បីឱ្យសិស្សនៅតែរក្សាទម្លាប់នៃការរៀន មានតែឱ្យឪពុកម្ដាយជាតួអង្គយ៉ាងសំខាន់ ដូចនេះសូមគាត់គួរឆ្លៀតយកពេលទំនេររបស់គាត់ ជួយបង្ហាត់បង្រៀនកូន នៅផ្ទះ ដើម្បីឱ្យកូន ជាពិសេសក្មេងតូចៗ នៅតែអនុវត្តការសិក្សាដូចសព្វដង តែទោះបីជានៅផ្ទះក៏ដោយ បើមិនអ៊ីចឹងទេ ខ្លាចក្រែង កូនៗអាចនឹងរៀនមិនហ៊ានមេរៀន ពេលចូលរៀនវិញ។ ឪពុកម្ដាយ គួរតែចាំពាក្យថា ការពារប្រសើរជាងព្យាបាល ទាំងការសិក្សារបស់កូនៗ និងទាំងការថែរក្សាសុខភាពរបស់ពួកគាត់ ក្នុងកំឡុងពេលមានការផ្ទុះជំងឺឆ្លង Covid-19 នេះនៅក្នុងប្រទេស។
គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និង កីឡា បានប្រកាសចូលវិសមកាលមុនថ្ងៃកំណត់សម្រាប់គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជនគ្រប់កម្រិតថ្នាក់សិក្សាទូទាំងប្រទេស។ការសម្រាកនេះ គឺបន្ទាប់ពីកម្ពុជាមានអ្នកឆ្លងកូវីដ ១៩ជាបន្តបន្ទាប់។