Cctimesw1140xh150cm copy

សិស្សនិស្សិតបារម្ភពីគុណភាពនៃការសិក្សា ក្រោយកូវីដឆ្លងចូលសហគមន៍ជាថ្មី

បទយកការណ៍
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ចាប់តាំងពីព្រឹត្តិការណ៍ ២០ កុម្ភៈ បានផ្ទុះមក ក្រសួងអប់រំបានសម្រេចបិទគ្រឹះស្ថានអប់រំមួយចំនួនក្នុងរាជធានីខេត្តដែលជាប់ពាក់ព័ន្ធ និងស្ថិតក្នុងការតាមដាន។ បញ្ហានេះបានបង្កជាការលំបាកសម្រាប់សិស្ស និស្សិត ហើយពួកគេបានសម្ដែងការព្រួយចំពោះគុណភាពនៃការអប់រំដែលកំពុងរៀនតាមប្រព័ន្ធអនឡាញ ព្រោះមិនបានផ្ដល់គុណភាពពេញលេញដល់ពួកគេនោះទេ។

យុវសិស្ស សុវណ្ណ ភ័ត្រា រៀននៅវិទ្យាល័យ ហ៊ុន សែន សេរីភាព បានលើកឡើងថា រូបគេសម្ដែងការខ្វាយខ្វល់ចំពោះការអាក់ខានមិនបានរៀនជាប់លាប់នៅក្នុងថ្នាក់ផ្ទាល់ ហើយបែរជាមករៀនតាមប្រព័ន្ធអនឡាញជំនួសវិញ ណាមួយឆ្នាំនេះរូបគេរៀនថ្នាក់ទី១២ផង ខ្លាចតែបញ្ហាកូវីដនៅតែអូសបន្លាយយូរ ធ្វើឱ្យអាក់ខានមិនបានប្រឡងបាក់ឌុប ដូចកាលឆ្នាំមុន។

កូនសិស្សថ្នាក់ទី១២រូបនេះបន្តថា រូបគេមានការតានតឹងចិត្តខ្លាំងណាស់ ព្រោះតាំងពីបញ្ហាកូវីដកើតឡើងមក ការរៀនសូត្រមិនសូវបានល្អដូចមុនទេ ណាមួយបញ្ហាសេវាក៏បង្អាក់ការរៀនសូត្រមិនបានរលូន ម្យ៉ាងរៀនតាមប្រព័ន្ធអនឡាញមិនទទួលបានពុទ្ធិដូចកាលដែលរៀនផ្ទាល់ទេ ចង់សួរ ចង់បកស្រាយ ចង់ពិភាក្សាអ្វីក៏មិនងាយស្រួលប៉ុន្មានដែរ។

យុវសិស្ស សុវណ្ណ ភ័ត្រា (រូបភាព ស្រីពេជ្រ) 

ចំណែក កញ្ញា អ៊ុ សុរចនា ជានិស្សិតឆ្នាំទី៣មួយរូប នៃសាកលវិទ្យាល័យមួយក្នុងក្រុងភ្នំពេញ បានសម្ដែងការយល់ឃើញថា ការសិក្សាតាមប្រព័ន្ធអនឡាញជាជម្រើសតែមួយគត់ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដនេះ តែទន្ទឹមនឹងនេះ ការសិក្សាតាមអនឡាញបានផ្តល់ផលលំបាកជាច្រើនដូចជា បញ្ហាសេវាអ៊ីនធឺណេត។ បញ្ហាអ៊ីនធឺណតជាបញ្ហាដ៏ធំបំផុតសម្រាប់សិស្សដែលរៀនតាមអនឡាញ។បញ្ហាអ៊ីនធឺណេតអាចមិនមែនជាបញ្ហាចោទខ្លាំងសម្រាប់សិស្សដែលរស់នៅទីក្រុងឬទីប្រជុំជនប៉ុន្មានទេ តែវាបានជាឧបសគ្គដ៏ធំបំផុតសម្រាប់សិស្សដែលរស់នៅតាមទីជនបទ។ ដូច្នេះបញ្ហាកង្វះសេវាអ៊ិនធឺណេតនេះក្លាយជាបញ្ហារាំងស្ទះដល់ពួកគេក្នុងការចាប់យកនូវមេរៀនដែលពួកគេបានរៀនអោយមានប្រសិទ្ធភាពនិងយកជាការបាន។

សុរចនាបន្តថា ការរៀនតាមអនឡាញអាចមានភាពមិនយុត្តិធម៌កើតឡើងនៅពេលដែលសិស្សត្រូវផ្ញើរជូនកិច្ចការដល់គ្រូតែគ្មានឬដាច់សេវាអ៊ិនធឺណេតនោះ ដែកជាឧបសគ្គក្នុងការផ្ញើរកិច្ចការជូនគ្រូទាន់ពេលកំណត់ហើយលទ្ធផលដែលចេញមកមិនបានមិនស្របតាមភាពយុត្តធម៌គ្រប់គ្រាន់ក្នុងការវាយតម្លៃសមត្ថភាពសិស្ស។

សម្រាប់និស្សិតរូបនេះ បញ្ហាបន្ទាប់នោះគឺ សិស្សមិនសូវមានភាពសកម្ម ព្រោះការៀនតាមអនឡាញធ្វើអោយសិស្សមិនសូវមានភាពសកម្មក្នុងការរៀនដូចក្នុងថ្នាក់នោះទេ។ពួកគេគ្រាន់តែអង្គុយនៅមុខអេក្រង់ទូរសព្ទហើយមិនមានទំនាក់ទំនងច្រើនទាំងជាមួយគ្រូនិងមិត្តរួមថ្នាក់។ការៀនបែបនេះអាចមានលក្ខណ:ដាច់ដោយឡែក និងមិនមានបរិស្ថានរៀនសូត្រល្អគ្រប់គ្រាន់ដូចសាលារៀនឡើយ។ ម្យ៉ាងបញ្ហាហិរញ្ញវត្ថុវិញក៏ជាបញ្ហាចោទសំខាន់ផងដែរសម្រាប់សិស្សក្រីក្រ ឬ មិនសូវមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញកាតទូរសព្ទសម្រាប់តភ្ជាប់បណ្ដាញអ៊ិនធឺណេតក្នុងការរៀន។ម្យ៉ាងវិញទៀតពួកគេក៏ត្រូវការទិញទូរស័ព្ទឬកំព្យូទ័រដើម្បីរៀន ដែលតម្រូវអោយគ្រួសារត្រូវតែទិញសម្ភារ:ទាំងនេះក្នុងការផ្គត់ផ្គង់ដល៎ការសិក្សារបស់កូន។បើសិនជាពួកគេគ្មានលទ្ធភាពគ្រប់គ្រាន់ទិញសម្ភារ:ទាំងនេះ នោះពួកគេក៏មិនអាចរៀនសូត្របាន ដែលធ្វើអោយមានវិសមភាពសម្រាប់យុវជនក្នុងការទទួលបានចំណេះដឹង។

ក្រៅពីបញ្ហាខាងលើ បញ្ហាបរិស្ថានក៏ចាត់ចូលជាការលំបាកមួយដែរ។ ការសិក្សារៀនសូត្រតម្រូវអោយសិស្សឬអ្នកសិក្សាស្វែងរកបរិស្ថានបានល្អត្រឹមត្រូវក្នុងការរៀនសូត្រ។ការរៀននៅក្នុងសាលារៀនមានបរិស្ថានល្អប្រសើរសម្រាប់សិស្សក្រេបយកចំណេះដឹងជាជាងការរៀនតាមអនឡាញព្រោះសិស្សទាំងអស់រស់នៅក្នុងបរិបទកន្លែងរស់នៅ បរិបទគ្រួសារ ខុសគ្នា ដូច្នេះពួកគេអាចនឹងស្វែងរកបរិស្ថានរៀនសូត្រតាមអនឡាញខុសៗគ្នាផងដែរ។ចំពោះសិស្សដែលមានជីវភាពគ្រាន់បើ ឬ មានគ្រួសារយល់ពីតម្លៃនៃការអប់រំ ពួកគេអាចមានភាពងាយស្រួលក្នុងការស្វែងរកបរិស្ថានរៀនបានល្អប្រសើរជាងសិស្សដែលមកពីគ្រួសារដែលមានភាពក្រីក្រឬមិនយល់ពីតម្លៃនៃការអប់រំ។ពួកគេអាចមិនមានសមាធិគ្រប់គ្រាន់ក្នុងក្នុងផ្ចង់ស្មារតីក្នុងការចាប់យកចំណេះដឹងបានឡើយ ប្រសិនបើពួកគេរស់នៅក្នុងបរិស្ថានរស់នៅបែបនេះ។

កញ្ញា ក៏បានបញ្ចាក់ដែរថា ពេលខ្លះកិច្ចការច្រើនជាងរៀនផ្ទាល់ក្នុងថ្នាក់។ ការរៀនអនឡាញធ្វើអោយសិស្សមានអារម្មណ៌ថាធុញទ្រាន់ជាមួយកិច្ចការដែលគ្រូដាក់អោយច្រើនជាជាងរៀនធម្មតា។កិច្ចការច្រើនគំនរបែបនេះធ្វើអោយសិស្សធុញទ្រាន់ក្នុងការរៀនសូត្រនិងបង្កើនឱកាសក្នុងការបោះបង់ចោលការសិក្សាសម្រាប់សិស្សខ្ជិល។

និស្សិត អ៊ុំ សុរចនា (រូបភាព រចនា) 

និស្សិត កន សុមីនា រៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ថាការរៀនតាមអនឡាញក្នុងកំឡុងពេលជំងឺកូវីតរាតត្បាតនេះ ពីដំបូងហាក់ថ្មី ហើយក៏មានផលវិបាកទៅតាមនឹងផងដែរ។ ក្រោយមកទៀតក៏មានជាដំណោះស្រាយផ្សេងៗក្នុងការបង្កភាពងាយស្រួលច្រើនឡើងរួមមានផ្នែកចំណេះដឹងក្នុងការប្រើប្រាស់ប្រព័ន្ធកម្មវិធីសិក្សា ការយកចិត្តទុកដាក់លើពេលវេលាសិក្សាដោយហេតុថាសិស្សអាចរៀននៅទីណាក៏បាន ជាពិសេសទោះជាយឺតម៉ោងពីកន្លែងធ្វើការ ក៏ពុំសូវនឿយនឹងមកផ្ទះរៀបចំខ្លួនទៅសាលា ដូចកាលរៀននៅសាលាផ្ទាល់ទេ។

ម្យ៉ាងវិញទៀត រូបគេអាចជ្រើសរើសទីតាំងដែលចូលចិត្តដើម្បីរៀន។ ចំពោះបញ្ហាប្រឈម ក៏មានច្រើនគួរសម ដូចជាបញ្ហា internet ជាទូទៅពីខាងសិស្ស ហើយជួនកាលក៏មានពីខាងសាស្ត្រាចារ្យដូចគ្នា។

និស្សិត កន សុមីនា(​រូបភាព មីនា) 

ដោយឡែក និស្សិតតេង គីមលី មកពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្តនិង វិទ្យាសាស្ត្រសេដ្ឋកិច្ច រាបរាប់ថា ក្នុងកំឡុង Covid-19 នេះ ស្របពេលសាលាបិទ ពិតណាស់ប្រាកដជាមានបញ្ហាប្រឈមច្រើនហើយ ពោលសិស្សខ្លះចង់រៀនក៏រៀន សិស្សខ្លះចង់អត់ក៏អត់។ ម្យ៉ាងវិញទៀតសាលាបង្រៀន Online សិស្សខ្លះមិនចូលមើលមេរៀនផង គ្រាន់តែ comment យកតែវត្តមានប៉ុណ្ណោះ។

គីមលី លើកឡើងថា៖«មិនដឹងថាអ្នកដទៃយ៉ាងមិចសម្រាប់ខ្ញុំកាលដែលរៀនផ្ទាល់ជួបជុំគ្រូសិស្ស ពិសេសកាលដែលលោកគ្រូអ្នគ្រូពន្យល់ណែនាំផ្ទាល់មកអីចឹងស្ដាប់ទៅចូលហើយសប្បាយនឹងរៀនគ្មានអារម្មណ៍ថា Stress ទោះវាយូរជាងរៀន online គុណនិង៣ក៏ដោយ។ ខ្ញុំជឿថាសិស្សនិស្សិតផ្សេងទៀតក៏មានបញ្ហាឬបទពិសោធន៍ខុសៗគ្នាផងដែរ»។

ចំណែកកញ្ញា សឿន រស្មី ជានិស្សិតមួយរូបយល់ថាបញ្ហាដែលប្រឈមគឺការរៀនក្នុងថ្នាក់ត្រូវបានផ្លាស់ប្តូរមកជារៀនអនឡាញ បើនិយាយឲ្យត្រង់ទៅគឺការរៀនអនឡាញមិនទទួលបាននូវគុណភាពពេញលេញពីសាស្ត្រាចារ្យដូចដែរបានរៀននៅក្នុងថ្នាក់នោះទេ ម្យ៉ាងវិញទៀតការសិក្សាអនឡាញវាពិតជាពិបាកសម្រាប់មុខជំនាញដែលរូបគេរៀនពីព្រោះវាពិបាកក្នុងការជជែកដ៏ដូចជាការពិភាក្សាមិនដូចនៅក្នុងថ្នាក់រៀនឡើយ។

និស្សិតរូបនេះ និយាយថា៖«ខ្ញុំមានការព្រួយបារម្ភចំពោះការដែលមិនបានរៀននៅក្នុងថ្នាក់ពីព្រោះមិនថាតែនិស្សិតទេតែជាពិសេសសម្រាប់សិស្សានុសិស្សដែលកំពុងសិក្សានាស្ថាប័នផ្សេងៗហើយវាក៏ប៉ះពាល់ដល់ពួកគេយ៉ាងខ្លាំងផងដែរ»។

កញ្ញា បន្ថែមថា ប្រសិនបើកូវីដ១៩ នៅតែបន្តរហូតបែបគឺមានតែធ្វើតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលជារួមសម្រាប់ការសិក្សារៀនសូត្រគឺនៅតែបន្តធ្វើតាមរៀនអនឡាញដូចអ្វីដែលបានធ្វើ ក៏ដូចជាព្យាយាមស្វែងរកនូវប្រភពដ៏ដូចជាឯកសារយោងសម្រាប់ទុកជាជំនួយដល់ការរៀនសូត្រ។ ពិសេសពេលនេះ គឺជាស្ថានភាពដ៏តានតឹងមួយ ដែលពលរដ្ឋគ្រប់គ្នាត្រូវតែចូលរួមការពារខ្លួនពីការឆ្លង និងចម្លងជំងឺ ដើម្បីឱ្យប្រទេសកម្ពុជាបានត្រឡប់មករកសភាពដើមវិញ។

កញ្ញា សឿន រស្មី(​រូបភាព រស្មី) 

ឆ្លើយតបនិងបញ្ហាខាងលើនេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានមានប្រសាសន៍ថា ៖«ចំពោះមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា បន្តតាមដាន និងវាយតម្លៃស្ថានការណ៍ជាក់ស្តែងនៃកូវីដ-១៩ ប្រកបដោយការយកចិត្តទុកដាក់កម្រិតខ្ពស់បំផុត ស្របនឹងកិច្ចសហការជាមួយក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ»។

មិនតែប៉ុណ្ណោះ ក្រសួងអប់រំ យុវជន និងកីឡា នឹងជម្រាបបន្ថែមជូនសាធារណជននៅពេលមានការវិវត្តន៍ថ្មី។ ជារួម អង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ បានចាត់ចែងអនុវត្តវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជាន់។ លទ្ធផលតេស្តកូវីដ-១៩ របស់អ្នកពាក់ព័ន្ធស្ថិតក្នុងការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល។ចំពោះសាលារៀនពាក់ព័ន្ធ ក្រសួងអប់រំ យុវជន និងកីឡាបានផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនជាបណ្តោះអាសន្ន និងបន្តការសិក្សាតាមអនឡាញ និងតាមទិដ្ឋិភាពជាក់ស្តែង។

សូមជម្រាបជូនថា នេះមិនមែនជាលើកទីមួយទេ ដែលក្រសួងអប់រំបានសម្រេចចិត្តផ្អាកដំណើរការគ្រឹះស្ថានអប់រំ ពោលចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ១៩ ចូលជាសហគមន៍មក ក្រសួងអប់រំបានផ្អាកការសិក្សាដោយផ្ទាល់ មករៀនតាមប្រព័ន្ធអនឡាញជំនួសវិញ ដើម្បីទប់ស្កាត់នៃការចម្លងចូលជាសហគមន៍ និងដើម្បីធ្វើឱ្យស្ថានភាពឆាប់បានធូរស្បើយ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង