ភ្នំពេញ៖ អ្នកបើកបរ និងអ្នកធ្វើដំណើរឆ្លងកាត់ឬចូលខេត្តសៀមរាបទាំងអស់ ត្រូវបំពេញទម្រង់ផ្តល់ព័ត៌មានផ្តល់ជូនក្រុមការងារត្រួតពិនិត្យសុខភាពបឋម និងចុះឈ្មោះ ឬស្កែន QR Codeជាមុនសិន ទើបអនុញ្ញាតឱ្យឆ្លងកាត់ ឬចូលខេត្ត។
បើតាមរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ដំណើរការត្រួតពិនិត្យសុខភាព និងការចុះឈ្មោះនេះ នឹងដាក់ដំណើរនៅត្រង់ព្រំប្រទល់ជាមួយខេត្តកំពង់ធំ ចាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ និងខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នៃដងផ្លូវជាតិលេខ៦ មកម្ល៉េះ។
រដ្ឋបាលខេត្តសៀមរាបបានសង្ងត់ធ្ងន់ថា ការធ្វើដូច្នេះ គឺដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងអ្នកដំណើរឆ្លងកាត់ ឬចូលទឹកដីខេត្តសៀមរាប។
ចំណែក គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានជំរុញឲ្យរថយន្តឈ្នួល រថយន្តក្រុង និងរថយន្តលក្ខណៈគ្រួសារទាំងអស់បំពេញទម្រង់មុនពេលមកដល់កន្លែងត្រួតពិនិត្យ។
រដ្ឋបាលខេត្តរំពឹងថា អ្នកបើកបរ និងអ្នកដំណើរទាំងអស់នឹងផ្តល់កិច្ចសហការ និងផ្តល់ព័ត៌មានពិត ជៀសវាងការផ្តល់ព័ត៌មានមិនពិត នឹងប្រឈមទទួលខុសត្រូវចំពោះមុខច្បាប់។