
ភ្នំពេញ៖ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញគោលការណ៍ឯកភាពក្នុងការលុបចោលការជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី ចំនួន១៣៣កន្លែង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់ឆ្នាំ២០២១។ការសម្រេចនេះ ដើម្បីចូលរួមសន្សំសំចៃថវិកាជាតិសម្រាប់ទ្រទ្រង់ស្ថិរភាពសេដ្ឋកិច្ច និងសង្គមក្នុងគ្រាលំបាក។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19) ដែលកំពុងបន្តរាតត្បាតនៅក្នុងពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផងដែរ និងដើម្បីចូលរួមសន្សំសំចៃថវិកាជាតិសម្រាប់ទ្រទ្រង់ស្ថិរភាពសេដ្ឋកិច្ច និងសង្គមក្នុងគ្រាលំបាកនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបានគោលការណ៍ឯកភាពក្នុងការលុបចោលការជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី ចំនួន១៣៣កន្លែង សម្រាប់ឆ្នាំ២០២១។គោលការណ៍នេះ ត្រូវបានទទួលយល់ព្រមពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។
