ភ្នំពេញ៖សម្រាប់ការគ្រប់គ្រងថវិកាឆ្នាំ ២០២០ នេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើវិចារណកម្មថវិកា ដោយផ្តោតអាទិភាពពិសេស លើការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ និងទប់ទល់ផលប៉ះពាល់អវិជ្ជមានមកលើសេដ្ឋកិច្ចជាតិ ។នេះលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយដៃគូអភិវឌ្ឍន៍ នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០២០។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ការធ្វើវិចារណកម្មចំណាយ និងការពង្រឹងប្រសិទ្ធភាពចំណាយនេះ គឺដើម្បីពង្រឹងការគ្រប់គ្រងចំណាយបន្ទុកបុគ្គលិកឱ្យបានម៉ឺងម៉ាត់បំផុត ដោយអនុវត្តគោលការណ៍រើសថ្មី ត្រឹមស្មើនឹងចំនួនចូលនិវត្តន៍ ពោលគឺ “រក្សាចំនួនក្របខណ្ឌមន្ត្រីរាជការស៊ីវិល យោធា និងនគរបាល ដូចនៅក្នុងឆ្នាំ ២០១៩” និងធ្វើវិចារណកម្មចំណាយលើមុខសញ្ញាចំនួន ដែលមិនទាន់ចាំបាច់ ឬមិនទាន់ចំាបាច់ខ្លាំង, មិនសូវប៉ះពាល់សកម្មភាពការងារ និងមានសមាសធាតុនាំចូលខ្ពស់ ឬទាំងស្រុង ដើម្បីយកទៅបំពេញមុខចំណាយចំាបាច់ថ្មីៗ ។
គួរបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ចក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ រដ្ឋាភិបាល និងដៃគូអភិវឌ្ឍ បានយល់ឃើញថា ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា មានភាពរឹងមាំក្នុងការបង្ការទប់ស្កាត់វិបត្តិសេដ្ឋកិច្ចដែលអាចកើតចេញពីកត្តាខាងក្រៅ ។ ជាក់ស្តែង, ចំពោះមុខការថមថយនៃកំណើនសេដ្ឋកិច្ចដោយ សារការរីករាលដាលនៃជំងឺកូវីដ-១៩, គណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំយន្តការឆ្លើយតប ដោយបង្កើតនូវក្រុមការងារចំពោះកិច្ចចំនួន ៤ ដើម្បី៖ ១. រៀបចំគោលនយោបាយថវិកា ហិរញ្ញវត្ថុ និងជំនួយសង្គម, ២. គ្រប់គ្រងការផ្គត់ផ្គង់ និងតម្លៃទំនិញយុទ្ធសាស្រ្ត, ៣. រៀបចំនិងគ្រប់គ្រងយន្តការជំនួយសង្គម និង ៤. រៀបចំកញ្ចប់វិធានការខាងរូបិយវត្ថុ និងធនាគារ ដើម្បីគ្រប់គ្រងនិងដោះស្រាយផលប៉ះពាល់ ។
ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញជាបន្តបន្ទាប់នូវកញ្ចប់វិធានការគោលនយោបាយចំនួន ៤ ជុំ ដើម្បីអន្តរាគមន៍ ក្នុងការគ្រប់គ្រងផលប៉ះពាល់ចំពោះមុខ និងរក្សាលំនឹងនៃសេដ្ឋកិច្ចនិងសង្គម រួមមាន៖ ១. ជួយដល់ក្រុមហ៊ុនដែលទទួលរងផលប៉ះពាល់ខ្លាំង ដើម្បីឱ្យក្រុមហ៊ុនទាំងនោះអាចបន្តអាជីវកម្មបានក្នុងពេលដ៏លំបាកនេះ, ២. ជួយដល់កម្មករនិយោជិក ក្នុងករណីត្រូវបាត់បង់ ឬត្រូវព្យួរការងារ ឱ្យមានលំនឹងជីវភាព និងអាចអភិវឌ្ឍន៍ជំនាញ ព្រមទាំងផលិតភាពការងាររបស់ខ្លួនសម្រាប់អនាគត, ៣. ជួយទ្រទ្រង់លើកស្ទួយកំណើន ជាពិសេស ជួយដល់សហគ្រាសធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និង ៤. កម្មវិធីជំនួយសង្គម ដើម្បីជួយសម្រាលទុក្ខលំបាក និងរក្សាលំនឹងជីវភាពប្រជាជន តាមរយៈការអនុវត្តកម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់ក្រុមគ្រួសារប្រជាជនក្រីក្រខ្វះខាត, កម្មវិធីសាច់ប្រាក់ពលកម្ម (cash for work), ការបណ្តុះបណ្តាលជំនាញរយៈពេលខ្លី ដើម្បីបង្កើនលទ្ធភាពបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងឈានទៅចាប់យកការងារក្នុងវិស័យថ្មី៕