ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៣ មីនានេះ បានសម្តែងនូវការខកចិត្តចំពោះមតិយោបល់របស់ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលបានលើកឡើងពាក់ព័ន្ធនឹងដំណើរការកាត់ក្តី លោក កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២០។
ក្រសួងការបរទេសកម្ពុជា បានចាត់ទុកការថ្លែងយោបល់របស់ ឯកឧត្តម W. Patrick Murphy គឺជាការ ដែលជាស្ថាប័នឯករាជ្យនិងដាច់ដោយឡែក ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងជាការបង្ហាញឲ្យឃើញពីឥរិយាបទគ្មានការទូត និងខ្វះការគោរពចំពោះអធិបតេយ្យរបស់កម្ពុជា ដែលជាប្រទេសម្ចាស់ផ្ទះ។
បើតាមក្រសួងការបរទេសកម្ពុជា ការបញ្ចេញយោបល់បែបនេះ គឺជាការរំលោភបំពានលើមាត្រាទី៤១ នៃអនុសញ្ញាទីក្រុងវីយ៉ែន ឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូត និងមាត្រាទី២ (៧) នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលគ្រប់អ្នកការទូតតំណាងមកពីប្រទេសនានា ទោះបីប្រទេសនោះជាប្រទេសធំ ឬតូច ត្រូវតែគោរពឲ្យបានពេញលេញ។ លើសពីនេះ ការថ្លែងបែបនេះគឺជាការប្រព្រឹត្តផ្ទុយទៅនឹងស្មារតីថ្មីរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងការធ្វើឱ្យប្រសើរឡើងនូវការយោគយល់គ្នានិងការគោរពគ្នាទៅវិញទៅមក ក៏ដូចជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ក្នុងពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធធ្វើពិធីអបអរសាទរខួបចំណងមិត្តភាព៧០ឆ្នាំរបស់ខ្លួននៅក្នុងឆ្នាំនេះ។
គួរបញ្ជាក់ថា ឯកអគ្គរដ្ឋទូតអាមេរិក លោក W. Patrick Murphy បានទៅចូលរួមសង្កេតការដោយផ្ទាល់នៅសាលាដំបូងរាជធានីភ្នំពេញ។ លោក W. Patrick Murphy បានអះអាងថា អាមេរិកចង់ឃើញលោកកឹម សុខា មានធ្វើសិទ្ធិធ្វើនយោបាយឡើងវិញ តែក៏បានសម្តែងការមិនពេញចិត្តចំពោះតុលាការកម្ពុជាដែលព្យាយាមទាញអាមេរិកទៅភ្ជាប់នឹងសំណុំរឿងលោកកឹម សុខា៕