ភ្នំពេញ៖ ក្រសួងព័ត៌មានកម្ពុជា បានសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។គណៈកម្មការនេះ មានលោកអ៊ុក ប្រាថ្នា រដ្ឋលេខាធិការប្រចាំការក្រសួងព័ត៌មានជាប្រធាន និងមានសមាជិកជាច្រើនរូបទៀត។
យោងតាមប្រការ៣នៃសេចក្តីសម្រេច គណៈកម្មការនេះមានភារកិច្ច តាមដានការផ្សាយព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយនានា និងដំណឹងមិនពិតនៅតាមបណ្តាយសង្គម។ធ្វើការឆ្លើយបតជូនសាធារណៈជនឱ្យទាន់ពេលវេលា តាមគ្រប់ធ្យោបាយដែលមានស្រាប់រាល់នៅពេលមានដំណឹង ឬព័ត៌មានក្លែងក្លាយ សហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីរាំងខ្ទប់ គេហទំព័រ គណនីទាំងឡាយណាដែលផ្សាយព័ត៌មានមិនពិត និងចាត់វិធានការតាមច្បាប់។
គួរបញ្ជាក់ថា ការបង្កើតគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មានកម្ពុជាពេលនេះ គឺបន្ទាប់ពីមួយរយៈចុងក្រោយនេះ មានព័ត៌មានក្លែងក្លាយជាច្រើនដែលចុះផ្សាយពីវិរុសកូវីដ ១៩។កន្លងទៅសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានចាត់ទុកអ្នកប្រឌិតព័ត៌មានក្លែងក្លាយនេះថា ជាពួកភាវរករ ដែលចង់ធ្វើឱ្យប្រទេសជាតិមានចលាចល។