បាត់ដំបង៖ លោកអធិការនគរបាលស្រុកកំរៀង ត្រូវបានផ្អាកការងារជាបណ្ដោះអាសន្ន ក្រោយអនុវត្តការងារមិនត្រឹមត្រូវទៅតាមនិតិវិធីការងារល្មើសនិង ច្បាប់វិន័យរបស់នគរបាលជាតិ។នេះបើយោងតាមសេចក្តីសម្រេចរបស់ស្នងការខេត្តបាត់ដំបង។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះ លោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង។ បន្ទាប់ពីផ្អាកការងារបណ្តោះអាសន្ននេះ លោក គឹម ពន្លក ត្រូវបង្ហាញមុខ នៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី។
ក្នុងលិខិតមិនបានបញ្ជាក់ឱ្យស៊ីជម្រៅពីដើមហេតុផ្អាកការងារនោះទេ តែបើតាមព័ត៌មានបានឱ្យដឹងថា ការសម្រេចផ្អាកការងារបណ្តោះអាសន្ននេះ បានធ្វើឡើងក្រោយពីមានការបែកធ្លាយព័ត៌មាន និងរូបភាពបង្ហាញថា លោកអធិការរូបនេះ បានលួចដោះលែងមេខ្យល់ដែលនាំពលករខ្មែរទៅធ្វើការនៅប្រទេសថៃ ខណៈដែលប្រទេសមានការរីករាលដាលជំងឺកូវីដ១៩។
សូមជម្រាបជូនថា ថ្មីៗនេះ សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានសង្កត់ធ្ងន់ចំំពោះមន្រ្តីពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់ពង្រឹងការងារមិនឱ្យធូររលុងចំពោះការចត្តាឡីស័កដល់ពលរដ្ឋគ្រប់រូប។ ទន្ទឹមនឹងនេះ គឺបង្កើននូវប្រាក់ផាកពិន័យចំពោះអ្នករត់គេចពីការធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូលប្រទេសកម្ពុជាផងដែរ៕