ថៃ៖ ប៉ូលីសថៃបានបង្រ្កាបប្រតិបត្តិការល្បែងស៊ីសងតាមអ៊ីនធរណេតដ៏ធំមួយនៅតាមព្រំដែនថៃ-កម្ពុជា ដែលបានឃាត់ខ្លួនមនុស្សចំនួន ៣៤ នាក់ក្នុងនោះមានបុរសជនជាតិខ្មែរម្នាក់ផងដែរ ដែលមានទឹកប្រាក់ភ្នាល់សរុបជាង១០០០លានបាត ក្នុងពេលប៉ូលីសឆ្មក់ចូលក្នុង ឃុំផុងណាំរ៉ន ខេត្តឈុនបុរី។ នេះបើយោងតាមការផ្សាយរបស់គេហទំព័រ Bangkok Post នៅថ្ងៃទី៥ ខែកុម្ភះនេះ។
ការផ្សាយរបស់សារព័ត៌មាន Bangkok Post ដដែល បានឱ្យដឹងថា ជនសង្ស័យទាំង ៣៤នាក់ រួមមានបុរសជនជាតិខ្មែរអាយុ ២២ឆ្នាំ។ ពួកគេបានសារភាពថាពួកគេគឺជាអ្នកគ្រប់គ្រងគេហទំព័រល្បែងចំនួន៤ គឺ VR898, Hattrick 988, Hattrck 888 និង Betway88 ដែលវេបសាយទាំងបួននោះ គឺបានធ្វើការភ្នាល់បាល់ឆ្នោតនៅក្រោមដីនៅប្រទេសថៃ និងបណ្តាប្រទេសជិតខាង ហើយក៏មានការភ្នាល់បាល់ផងដែរ។
ជនសង្ស័យទាំង ៣៤នាក់ ក្នុងនោះមានបុរស ១៧នាក់ និងស្ត្រី ១៧នាក់ ដែលមានទឹកប្រាក់ភ្នាល់ច្រើនជាង១០០០លានបាត ជាមួយនឹងសម្ភារៈកុំព្យូទ័រសរុបចំនួន ៦៩គ្រឿងនិងទូរស័ព្ទចល័ត ១០១គ្រឿងត្រូវបានរឹបអូស។
បើតាមប៉ូលីសថៃ គ្រប់គ្រងគេហទំព័រម្នាក់ៗបានបង់ប្រាក់ ២៥,០០០បាត ដើម្បីទទួលបានការភ្នាល់ពីអតិថិជន។ អ្នកដែលធ្វើការជាអ្នកសរសេរកម្មវិធីទទួលបានប្រាក់ភ្នាល់ ៨% នៃប្រាក់ភ្នាល់។ ជាពិសេសនោះ ជនសង្ស័យបានប្រាប់ប៉ូលីសថៃថា ទិន្នន័យនៅលើកុំព្យូទ័របានបង្ហាញថា ជាមធ្យមមនុស្ស ៣៨.០០០ នាក់បានលេងល្បែងតាមអ៊ិនធរណេតជារៀងរាល់ថ្ងៃនៅលើគេហទំព័រនីមួយៗ នៃគេហទំព័រទាំងបួន។
ជាមួយគ្នានោះដែរ ជនសង្ស័យទាំង ៣៤នាក់ ដែលក្នុងនោះមានជនជាតិខ្មែរម្នាក់ ត្រូវបានចោទប្រកាន់ពីបទឃុបឃិតបើកប្រតិបត្តិការល្បែងស៊ីសងតាមអ៊ីនធឺណិត។ ពួកគេត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលីសដើម្បីចាត់ការតាមច្បាប់។ ប៉ូលីសកំពុងតែពង្រីកការស៊ើបអង្កេតដើម្បីស្វែងរកអ្នកដែលពិតជានៅពីក្រោយប្រតិបត្តិការនេះ។