Img 1426
Swift cc time

សារព័ត៌មានល្បីរបស់ចិន លើកពីភាពរីកចម្រើនរបស់មហាអំណាចចិន ក្រោយការដឹកនាំរបស់បក្សកុម្មុយនីស្តចិន១០៥ឆ្នាំ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ សារព័ត៌មានចិនដ៏ល្បីល្បាញ «China Daily» បានចេញផ្សាយអត្ថបទអបអរសាទរខួបលើកទី១០៥ នៃការបង្កើតគណបក្សកុម្មុយនីស្តចិន (CPC) ដោយបានលើកឡើងថា ស្ថាប័ននយោបាយមួយនេះមិនត្រឹមតែដើរតួជាបក្សកាន់អំណាចប៉ុណ្ណោះទេ ប៉ុន្តែគឺជា «ស្ថាបត្យករចម្បង» នៃការកែប្រែមុខមាត់ប្រទេសចិន ពីដែនដីដែលធ្លាប់រងការញាំញីដោយសង្គ្រាម និង ភាពក្រីក្រ ឱ្យហក់ឡើងមកជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទីពីរ និង ជាទីផ្សារបច្ចេកវិទ្យាដ៏មានឥទ្ធិពលបំផុតមួយនៅលើពិភពលោក។

ក្នុងខ្លឹមសារនោះ បានលើកឡើងពី ភាពជោគជ័យ និងការរក្សាបាននូវភាពរឹងមាំជាប្រវត្តិសាស្ត្រនេះ គឺបានមកពីសមត្ថភាពបន្សាំខ្លួនផ្នែកមនោគមវិជ្ជា និងស្ថាប័នដ៏ទន់ភ្លន់របស់បក្ស ដោយចាប់ផ្តើមតាំងពីការដាក់គ្រឹះឯកភាពជាតិក្នុងសម័យលោក ម៉ៅ សេទុង រហូតដល់របត់នៃការផ្លាស់ប្តូរដ៏សំខាន់ក្នុងឆ្នាំ១៩៧៨ តាមរយៈការដាក់ចេញនូវ «សេដ្ឋកិច្ចទីផ្សារបែបសង្គមនិយម»។ គំរូសេដ្ឋកិច្ចកាត់ផ្សំនេះ អនុញ្ញាតឱ្យសហគ្រាសរដ្ឋគ្រប់គ្រងលើវិស័យយុទ្ធសាស្ត្រ ខណៈវិស័យឯកជនដើរតួជាក្បាលម៉ាស៊ីនរុញច្រានកំណើនផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ៦០% និងបង្កើតឱកាសការងារក្នុងទីប្រជុំជនរហូតដល់ ៨០%។

បើតាមប្រភពដដែល ថា កិច្ចប្រឹងប្រែងប្រកបដោយផែនការរយៈពេលវែង និងចក្ខុវិស័យច្បាស់លាស់នេះ បានជួយដកស្រង់ប្រជាជនចិនជាង ៨០០លាននាក់ចេញពីភាពក្រីក្រតោកយ៉ាក ព្រមទាំងធ្វើឱ្យសន្ទស្សន៍សង្គមមានភាពល្អប្រសើរឡើងជាលំដាប់ ទាំងអាយុកាលសង្ឃឹមរស់របស់ប្រជាជន និង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោក។

ជាចុងក្រោយ អត្ថបទវិភាគនោះបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោកអគ្គលេខាធិការបក្ស CPC លោក ស៊ី ជីនភីង កំពុងបន្តធ្វើយុទ្ធសាស្ត្រកែទម្រង់ថ្មីមួយទៀត ដោយងាកចេញពីកំណើនសេដ្ឋកិច្ចដែលពឹងផ្អែកលើបំណុល និងវិស័យអចលនទ្រព្យ ទៅរកការជំរុញ «កម្លាំងផលិតភាពគុណភាពថ្មី» ដែលផ្តោតសំខាន់លើថាមពលបៃតង ឧស្សាហកម្មកម្រិតខ្ពស់ និងការពឹងផ្អែកលើខ្លួនឯងផ្នែកបច្ចេកវិទ្យា។ សមិទ្ធផលទាំងនេះសបញ្ជាក់ថា បក្សកុម្មុយនីស្តចិនមិនមែនជាសំណល់មនោគមវិជ្ជាសេសសល់ពីសតវត្សរ៍មុនឡើយ ប៉ុន្តែជាស្នូលដឹកនាំការស្តារឡើងវិញនូវភាពរុងរឿងរបស់ចិន ដែលឥទ្ធិពលនៃការវិវត្តទៅមុខរបស់បក្សនេះ នឹងបន្តជាកាតាលីករដ៏សំខាន់ក្នុងការកំណត់ទម្រង់សណ្តាប់ធ្នាប់នយោបាយ និងសេដ្ឋកិច្ចអន្តរជាតិទាំងមូល៕


Khcct banner

អត្ថបទទាក់ទង