ភ្នំពេញ៖ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបាននាំចេញផលិតផលឧស្សាហកម្ម និងកសិឧស្សាហកម្មក្នុងទំហំទឹកប្រាក់ជិត១៦ពាន់លានដុល្លារ កើនឡើង១៦,២៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ ក្នុងនោះចំណូលបានមកពីវិស័យកសិកម្មមានចំនួនជិត៤ពាន់លានដុល្លារ។ នេះបើតាមការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈសារពិសេសនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។
សម្តេចហ៊ុន សែន បានថ្លែងថា ក្នុងចំណោមថវិកាជិត១៦ពាន់លានដុល្លារ កម្ពុជាទទួលបានពីការនាំចេញផលិតផលកសិកម្មចំនួន៣,៨៨១លានដុល្លារ។ ផលិតផលនិងមុខទំនិញទាំង៧មុខដែលកម្ពុជានាំចេញនោះមានដូចជា នាំចេញស្រូវ២១៨ម៉ឺនតោន, ដំឡូងមីនាំចេញជាង៧លានតោន ដែលមានតម្លៃជាង១ពាន់លានដុល្លារ, ស្វាយចន្ទី២១៨៨៨៤តោន តម្លៃដែលទទួលបាន២៨៨លានដុល្លារ, ដំណាំស្វាយនាំចេញ៨៥ម៉ឺនតោន ទទួលបាននូវថវិកា៤៧៣លានដុល្លារ, ចេកអំបូងលឿន៣១៣តោន ទទួលបានថវិកា៥៥១លានដុល្លារ, ដំណាំមៀនប៉ៃលិន ១៧៤តោន បានប្រាក់៥៧លានដុល្លារ និងម្រេចនាំចេញប្រាក់បាន២៥លានដុល្លារ។
ចំពោះការនាំចេញក្នុងវិស័យកសិកម្មបច្ចុប្បន្ន សម្តេចបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តពង្រីកទីផ្សារបន្ថែមទៀត។ ចំណែកទីផ្សារនៅក្នុងវិស័យកសិកម្មកម្ពុជាកាន់តែរីកចម្រើន ដោយកម្ពុជាមានដៃគូជាច្រើននៅក្នុងកិច្ចព្រមព្រៀងជាដៃគូគ្រប់ជ្រុងជ្រោយនៅក្នុងតំបន់RCEP ដោយរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាពង្រាយទីផ្សារនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន អូរស្រ្តាលី ណូវែសឺឡង់ និងចិន។លើសពីនេះ កម្ពុជាក៏បានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ខាងមុននេះនឹងចុះហត្ថលេខាជាមួយកូរ៉េនឹងធ្វើកិច្ចព្រមព្រៀងជាមួយសហគមន៍សហភាពអឺរ៉ាស៊ី៕