ព្រៃវែង៖ គិតក្នុងឆមាសទី១ឆ្នាំ២០២០ ផលិតផលកសិកម្មកម្ពុជាបាននាំចេញទៅក្រៅប្រទេសទាំងផ្លូវការ និងក្រៅផ្លូវការបានចំនួនជាង៤លានតោន។ នេះបើតាមឯកឧត្តម វេង សាខុន ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករវារីប្បករនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រីបាទី ក្នុងខេត្តព្រៃវែងនៅថ្ងៃទី១៤ ខែកក្កដានេះ។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ទោះបីជាប្រទេសកម្ពុជាកំពុងរងនូវហានិភ័យពីវិបត្តិកូវីដ១៩យ៉ាងណាក៏ដោយ ក៏ការនាំចេញផលិតផលកសិកម្មផ្សេងៗទៅក្រៅប្រទេសមានវឌ្ឍនភាពគួរកត់សម្គាល់ ដែលមានចំនួនជាង៤លានតោន។ រីឯការងារបង្កបង្កើនផលកសិកម្មមកទល់ពេលនេះ គឺមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដែលអនុវត្តបានជិត២លានហិកតា ស្មើនឹង៧៥,២៨%នៃផែនការ ២,៥៨%លានហិកតា លើសឆ្នាំមុនជាង៣០ម៉ឺនហិកតា ធៀបនឹងរយៈពេលដូចគ្នា។
ឯកឧត្តម វេង សាខុន បានបញ្ជាក់ទៀតថាក្នុងឆមាសទី១ ឆ្នាំ២០២០នេះ កម្ពុជានាំចេញអង្ករបានចំនួន៤០២៤២៤តោន និងនាំចេញទៅកាន់ទិសដៅចំនួន៥៦ប្រទេស ដោយក្រុមហ៊ុនឯកជនចំនួន៦៦ក្រុមហ៊ុន ហើយក្រសួងបានបង្កើតសហគមន៍កសិកម្មបានចំនួន១១៩០សហគមន៍ ក្នុងនោះ១៦៥សហគមន៍បានធ្វើអាជីវកម្មចុះកិច្ចសន្យាផលិតកម្មជាមួយវិស័យឯកជន។
ដោយឡែកក្នុងឆមាសទី១ ឆ្នាំ២០២០ ផលនេសាទទឹកសាបសម្រេចបានដូចជា ដាយត្រីបានចំនួន១៥០០តោន នេសាទគ្រួសារក្នុងដែននេសាទអនុវត្តបានចំនួន១៣២៩៥០តោន ស្មើនឹង៣៨៥នៃផែនការ នេសាទគ្រួសារតាមវាលស្រែអនុវត្តបានចំនួន៣០៧៥០តោន ស្មើនឹង២១%នៃផែនការ និងនេសាទសមុទ្រអនុវត្តបានចំនួន៥៧១៦០តោន ស្មើនឹង៥២%នៃផែនការ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នចំនួនគ្រួសារធ្វើវារីប្បកម្មសរុបទូទាំងប្រទេសមានចំនួន៤៦០០០គ្រួសារ ក្នុងនោះគ្រួសារសរុបដែលធ្វើវារីប្បកម្មសត្វក្នុងស្រះមានចំនួន៤១៩៣៩គ្រួសារស្មើនឹង៩០%។ រីឯចំនួនគ្រួសារដែលធ្វើវារីវប្បកម្មសត្វនៅក្នុងបែមានចំនួន៤០៦១គ្រួសារស្មើនឹង១០%៕