ដោយមើលឃើញពីទីតាំងភូមិសាស្រ្តដីមានជីជាតិ និងកត្តាអាកាសធាតុអំណោយផលសម្រាប់ការដាំដុះដំណាំកាហ្វេក្នុងខេត្តមណ្ឌលគិរី ក្រុមហ៊ុនខូហ្វី ដែលជាក្រុមហ៊ុនកាហ្វេក្នុងស្រុកឈានមុនគេក្នុងប្រទេសកម្ពុជា បានសម្រេចបោះទុនវិនិយោគលើដំណាំកាហ្វេ ដោយបានរៀបចំចម្ការគម្រូក្នុងការដាំដុះដោយផ្ទាល់ និងបានបង្កើតជាសហគ្រាសផលិតកែច្នៃគ្រាប់កាហ្វេ វេចខ្ចប់ជាផលិតផលសម្រេចប្រកបដោយគុណភាព ស្តង់ដា អនាម័យខ្ពស់ ជាមួយនិងរសជាតិឈ្ងុយឆ្ងាញ់ពិសារ។
បន្ថែមលើនេះក្រុមហ៊ុនខូហ្វី បានគិតគូរយ៉ាងយកចិត្តទុកក្នុងការបង្រៀនវគ្គបណ្តុះបណ្តាលដល់ប្រជាកសិករក្នុងមូលដ្ឋាននៃខេត្តមណ្ឌលគិរី ក្នុងការដាំដុះដំណាំកាហ្វេប្រកបដោយជំនាញបច្ចេកទេសត្រឹមត្រូវស្របតាមស្តង់ដា និងការជ្រើសរើសពូជដាំដុះ ជាមួយការផ្តល់សម្ភារនិងគ្រាប់ពូជដល់កសិករផងដែរ។ ពិសេសទៅទៀតនោះក្រុមហ៊ុនខូហ្វីជាទីផ្សារដ៏ធំមួយក្នុងការប្រមូលទិញគ្រាប់កាហ្វេពីប្រជាកសិករក្នុងតម្លៃសមរម្យ ធានាទីផ្សារ ដែលនេះជាផ្នែកដ៏សំខាន់មួយក្នុងការបង្កើនប្រាក់ចំណូលជួយដល់ជីវភាពគ្រួសាររបស់កសិករក្នុងមូលដ្ឋាន។
មិនត្រឹមតែជាអ្នកប្រមូលទិញផលកាហ្វេពីកសិករ តែក្រុមហ៊ុនខូហ្វីជាដៃគូសហការដ៏សំខាន់មួយក្នុងការគាំទ្រជំរុញលើកទឹកចិត្ត និងជួយជ្រោមជ្រែងដោះស្រាយនូវផលលំបាកដែលកសិករជួបប្រទះ។ បច្ចុប្បន្នក្រុមហ៊ុនខូហ្វី បាននិងកំពុងធ្វើការដាំដុះកាហ្វេ ក្នុងទំហំផ្ទៃដីសរុបប្រមាណ១០៦ហិចតា ហើយនាពេលអនាគតក្រុមហ៊ុនគ្រោងនឹងពង្រីកការវិនិយោគផ្ទៃដីដាំដុះបន្ថែមរហូតដល់២ពាន់ហិចតា ដើម្បីធានាលើការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឲ្យបានគ្រាប់គ្រាន់។
លោក ក្រើប ញិត ជាកសិករគម្រូ និងជាម្ចាស់ចម្ការស្ថិតនៅភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានប្រាប់ពីបទពិសោធន៍របស់ខ្លួនក្លាយជាកសិករគម្រូ ដោយលោកបានចូលរៀនវគ្គបណ្តុះបណ្តាលពីខាងមន្ទីរកសិកម្មដែលមានក្រុមហ៊ុនខូហ្វីជាអ្នកសម្របសម្រួល។ ក្រោយមកក្រុមហ៊ុនខូហ្វី និងអង្កការWWF បានសម្រេចយកចម្ការរបស់លោកដែលមានទំហំផ្ទៃដីប្រមាណ២ហិចតា ធ្វើជាចម្ការគម្រូ។
លោក ក្រើប ញិត ក៏បានលើកឡើងពីកិច្ចសហការជាមួយក្រុមហ៊ុនខូហ្វីបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កសិករ ដែលសំខាន់នោះគឺ កាហ្វេមានទីផ្សារជាងមុន ក្រុមហ៊ុនមានកិច្ចកុងត្រាទិញលក់ច្បាស់លាស់ ហើយទទួលបានតម្លៃសមរម្យ ដែលបានជួយឲ្យលោកមានជីវភាពធូរធាជាងមុន។
ចំណែក លោក ហ៊ុត ផល្លី ជាប្រធានផ្នែកកសិកម្មនៅក្រុមហ៊ុនខូហ្វី បានប្រាប់ពីបច្ចេកទេសដាំដុះដំណាំកាហ្វេរបស់ក្រុមហ៊ុនខូហ្វី ដំបូងគឺត្រូវជ្រើសរើសពូជកាហ្វេដែលសក្តិសមនឹងអាកាសធាតុក្នុងខេត្តមណ្ឌលគិរី និងជាពូជដែលធន់នឹងជំងឺ សត្វល្អិត និងផ្តល់ទិន្នផលខ្ពស់។ ក្រៅពីនេះគឺត្រូវសម្អាតដី ជ្រើសរើសដីក្រហមដែលមានកម្រិត pH 5.5 – 6.5 ដែលសមស្របបំផុតសម្រាប់ដំណាំកាហ្វេ។ ការជ្រើសទីតាំងដែលមានប្រភពទឹកគ្រប់គ្រាន់ ហើយក្រុមហ៊ុនខូហ្វីបានប្រើប្រាស់ប្រព័ន្ធស្រោចស្រពដំណាំគឺទាញយកពីថាមពលកកើតឡើងវិញ នោះគឺជាប្រព័ន្ធសឡាដែលហៅថាកសិកម្មបែបទំនើប។ លោកផល្លី បានឲ្យដឹងទៀតថា ការដាំដើមកាហ្វេត្រូវការចំណាយពេល២ឆ្នាំទើបអាចចេញផ្កាបាន, នៅឆ្នាំទី៣ ទើបអាចចាប់ផ្តើមប្រមូលផលបាន ដោយក្នុង១ឆ្នាំប្រមូលផលបានតែមួយដង។
លោក ម៉ម មករា ប្រធានផ្នែកផលិតនៅក្រុមហ៊ុន KOFI ក៏បានធ្វើបទបង្ហាញលម្អិតអំពីដំណើរការផលិតកាហ្វេផងដែរ គ្រប់ដំណាក់កាលនីមួយៗរាប់ចាប់តាំងពីការលាងសម្អាត ត្រូវបានអនុវត្តតាមស្តង់ដារ ដើម្បីធានាសុវត្ថិភាព អនាម័យ និងគុណភាពខ្ពស់នៃគ្រាប់កាហ្វេ មុននឹងឈានទៅដល់ដៃអតិថិជន។
ក្នុងឱកាសដែលក្រុមហ៊ុនខូហ្វី ក្រុមអ្នកសារព័ត៌មានមកពីច្រើនស្ថាប័ន និងក្រុមអ្នកផលិតមាតិកា ជួបជុំជាមួយគ្រួសារកសិករប្រមាណ៣៩៩នាក់ ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលជាដៃគូសហការ ក្រុមហ៊ុន បានមានមតិសំណេះសំណាលជាមួយនឹងការផ្តល់ជូននូវសម្ភារៈកសិកម្មដែលជួយផ្តល់ភាពងាយស្រួល សុវត្ថិភាពដល់កសិករពេលប្រមូលផល។ លើសពីនេះក្រុមហ៊ុនក៏បានផ្តល់ជូនកាហ្វេដល់គ្រួសារកសិករដែលបានចូលរួមនាឱកាសនោះដែរ។
ជាមួយគ្នានេះ គ្រួសារកសិករ បានថ្លែងអំណរគុណដល់ក្រុមហ៊ុនខូហ្វី និងអតិថិជនដែលបានគាំទ្រកាហ្វេមណ្ឌលគិរីដែលជាផលិតផលក្នុងស្រុកដាំដុះដោយប្រជាកសិករផ្ទាល់ ដែលសព្វថ្ងៃបានរួមចំណែកយ៉ាងសំខាន់ក្នុងជួយដល់ជីវភាពប្រជាកសិករនៅតាមជនបទ។